ភ្នំពេញ៖ នាចុងសប្ដាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋជិត១ពាន់នាក់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីគណអភិបាលខណ្ឌទួលគោក នលោកវេជ្ជបណ្ឌិត ក្រុមការងារសមាគមន៍ TYDA យុវជន និងផ្នែកពាក់ព័ន្ធជាច្រើនទៀត។
លោក ជា ពិសី អភិបាល នៃគណអភិបាលខណ្ឌទួលគោក បានលើកឡើងថា ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់នៅតាមសង្កាត់ទាំង១០ក្នុងខណ្ឌទួលគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត មកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រនៅខណ្ឌទួលគោក ដោយទឹកចិត្តសប្បុរសពោរពេញដោយក្តីស្រឡាញ់ និងបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ មិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺនាពេលនេះ ជាពិសេសក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ទទួលបានជោគជ័យ និងចំណាក់ថ្នាក់ខ្ពស់ក្នុងពិភពលោក ជាប្រទេសដែលងើបចេញពីជំងឺកូវីដ-១៩ លឿនជាងគេ និងស្តារសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័យ។
លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ភ អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានថ្លែងថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានផ្តាំផ្ញើតាមរយះលោកឱ្យក្រុមការងារជួយយកចិត្តទុកដាក់បំផុតក្នុងការពិនិត្យព្យាបាលជំងឺជូនដល់លោកតាលោកយាយបងប្អូនទាំងអស់ដោយការទទួលខុសត្រូវខ្ពស់ប្រកបដោយប្រសិទ្ធិភាព។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា នេះគឺជាលើកទី២ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយក្នុងខណ្ឌទួលគោក ហើយ TYDA នៅតែបន្តចុះជាប្រចាំគ្រប់២៥ រាជធានីខេត្តទាំងអស់ដើម្បីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា។
តាមរបាយការណ៍ បានឱ្យដឹងថាប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់មានចំនួន ៩២៥នាក់ ស្មើនឹង ២០២៨ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ២៩ករណី។ ក្នុងរបាយការណ៍បានបង្ហាញថាជំងឺដែលបានព្យាបាលនាពេលនោះរួមមាន៖ ផ្នែកជំងឺទូទៅបានចំនួន ៩២៥ករណី, ផ្នែកជំងឺមាត់ធ្មេញបានចំនួន ៩៧ករណី, ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កបានចំនួន ២៧ករណី, ផ្នែកជំងឺភ្នែកបានចំនួន ២៥០ករណី, ផ្នែកជំងឺរោគស្រ្តីបានចំនួន ២៥ករណី, ផ្នែកអេកូសាស្រ្តបានចំនួន ២០ករណី, ផ្នែកវះកាត់តូចបានចំនួន ១៥ករណី, ផ្នែកជំងឺបេះដូងបានចំនួន ៨៧ករណី, ផ្នែកជំងឺសើស្បែកបានចំនួន ៥១ករណី, ផ្នែកជំងឺឫកដូងបាតបានចំនួន ១០០ករណី, ផ្នែកជំងឺសន្លាក់បានចំនួន ៨៩ករណី, ផ្នែកមន្ទីរពិសោធន៍បានចំនួន ៥២ករណី, និងវិធានសុខាភិបាលបានចំនួន ២៩០ករណី ៕