បុរស គ្រោះថ្នាក់ការងារនៅប្រទេសថៃ កាលដើមឆ្នាំ២០២២ បណ្តាលឱ្យដាច់ដៃទាំង២ (ចូលម៉ាស៊ីនស្លរថង់ផ្លាស្ទីក)….!

បាត់ដំបង៖ កាលពីល្ងាចថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដល់ផ្ទះ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនគ្រួសារលោក យ៉ាន ចិន អាយុ២៤ឆ្នាំ បានទទួលរងគ្រោះថ្នាក់ការងារនៅប្រទេសថៃកាលដើមឆ្នាំ២០២២ បណ្តាលឱ្យដាច់ដៃទាំង២ (ចូលម៉ាស៊ីនស្លរថង់ផ្លាស្ទីក) មានប្រពន្ធឈ្មោះ អ៊ួច ដាវីន អាយុ២០ឆ្នាំ មានកូនតូច២នាក់ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងធ្លាប់បានទទួលផ្ទះជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារពលរដ្ឋរងគ្រោះ ដែលសម្ដេច តែងតែមានទឹកចិត្តអាណិតអាសូរ និងតាមដានជាប្រចាំចំពោះបញ្ហាសុខភាព ក៏ដូចជាជីវភាព និងការរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានោះ លោកជំទាវអគ្គលេខាធិការរងទី១ បានមានប្រសាសន៍លើកទឹកចិត្តដល់គ្រួសារពលរដ្ឋរងគ្រោះឱ្យចេះមើលថែរក្សាគ្នា ថែទាំសុខភាពឱ្យបានល្អ ខិតខំបន្ថែមទៀតក្នុងការប្រកបមុខរបររកទទួលទាន និងត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង។

ជាកិច្ចឆ្លើយតប លោក យ៉ាន ចិន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និងអរគុណដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់គិតគូរពីការលំបាកជាបន្តបន្ទាប់ ហើយថ្ងៃនេះទៀតបានចុះសួរសុខទុក្ខ និងនាំយកអំណោយមកប្រគល់ជូនថែមទៀតរួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអីវ និងឃីត១កញ្ចប់ ព្រមទាំងថវិកាមួយចំនួនទៀត។ បន្ថែមពីលើអំណោយដ៏ថ្លៃថ្លានេះ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានផ្ដល់ការឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត ដើម្បីប្រើប្រាស់សម្រាប់ទិញគ្រែ និងពូកសម្រាប់ជួយសម្រួលដល់ជនរងគ្រោះសម្រាកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close