ឧត្តមសេនីយ៍ឯក ស ថេត ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ កម្លាំងជំនាញត្រូវតែរៀបចំកម្លាំងល្បាតជាប្រចាំដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីស កុំឲ្យកេីតមានឡេីង!
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រទី០៧ ខែមេសា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំក្រោមអធិតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការការពារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក៏ដូចជាផែនការការពារការប្រកួតកីឡា សុីហ្គេមលេីកទី៣២ និងប៉ារ៉ាសុីហ្គេមលេីកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។
ក្នុងកិច្ចប្រជុំនេះ ដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរងទទួលដឹកនាំផែនការងារជំនាញទាំង១៣ ជំនួយការស្នងការ នាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងប្រធានគោលដៅចរាចរណ៍ទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ឯកឧត្តមស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរង និងសមាជិកនៃអង្គប្រជុំ ឲ្យយកចិត្តទុកដាក់ខ្ពស់លេីការសម្រួលចរាចរណ៍ទាំងក្នុងក្រុង គ្រប់ច្រកចេញចូលក្រុង ទីវត្តអារាម កន្លែងកំសាន្ត ជាពិសេស កម្លាំងជំនាញត្រូវតែរៀបចំកម្លាំងល្បាតជាប្រចាំដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីស កុំឲ្យកេីតមានឡេីង ។ ជាមួយនោះដែរឯកឧត្តម បានណែនាំដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវបង្ហាញនូវកាយវិការ ពាក្យសំដី ឲ្យបានសមរម្យ ជាពិសេសបង្ហាញនូវទឹកមុខរីករាយ នៅពេលចុះជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ។ ក្រៅពីនោះ កម្លាំងអន្តរាគមន៍ កម្លាំងអគ្គិភ័យ ត្រូវតែប្រចាំការជាប្រចាំ ២៤ម៉/២៤ម៉ ដេីម្បីត្រៀមអន្តរាគមន៍ ឬសង្គ្រោះឲ្យបានទាន់ពេលវេលានៅពេលមានករណីអគ្គិភ័យ ឬករណីបទល្មេីសផ្សេងៗកេីតមានឡេីង ។
ចំពោះផែនការការពារការប្រកួត សុីហ្គេមលេីកទី៣២ និងប៉ារាសុីហ្គេមលេីកទី១២ លោក លោកស្រីស្នងការរង និងកម្លាំងពាក់ព័ន្ធ ត្រូវតែមានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ច តាមផែនការដែលបានកំណត់ ។ នៅក្នុងផែនការ គឺមានការបែកចែក ការការពារតាមគ្រប់គោលដៅ ប្រកួត គោលដៅស្នាក់នៅ គោលដៅកន្លែងកំសាន្ត ដែលគណប្រតិភូ និងកីឡាករ ស្នាក់នៅ ឬទៅលេងកំសាន្ត ។ កម្លាំងពាក់ព័ន្ធត្រូវតែចេញល្បាត ជាប្រចាំ ដេីម្បីចូលរួមក្នុងការបង្ការ ទប់ស្កាត់ កុំឲ្យបទល្មេីសកេីតមានឡេីង ។
ម្យ៉ាងវិញទៀត កម្លាំងអន្តរាគមន៍ និងកម្លាំងអគ្គិភ័យ ត្រៀមជាប្រចាំ ដេីម្បីចេញអន្តរាគមន៍ និងសង្គ្រោះឲ្យបានទាន់ពេលវេលា ។ ជាពិសេសដោយមានគណប្រតិភូ កីឡាករ កីឡាការនី និងអ្នកមកចូលទស្សនាច្រេីន ដូច្នេះកម្លាំងចរាចរណ៍ និងសណ្តាប់ធ្នាប់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រួលចរាចរណ៍ ធ្វេីសណ្តាប់ធ្នាប់តាមដងផ្លូវ តាមកន្លែងកំសាន្ត ដេីម្បីកុំឲ្យមានការកកស្ទះ ។ ជាមួយនោះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យយកចិត្តទុកដាក់ និងរៀបចំផែនការ ការពារ សម្រាប់ត្រៀមទុកជាមុនសម្រាប់ធានាការពារឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានល្អ ក្នុងពេលឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងពេលប្រកាសលទ្ធផលនៃការបោះឆ្នោត ។
មុននឹងបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់គ្រប់អង្គភាពទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែរៀបចំប្រជុំជួរគោរពទង់ជាតិជាប្រចាំរៀងរាល់ដេីមសប្តាហ៍ ដោយច្រៀងបទភ្លេងជាតិដោយផ្ទាល់មាត់ ហាមចាក់ភ្លេង ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ នាពេលកន្លងមលដែលបានលះបង់ ខិតខំបំពេញតួនាទីភារកិច្ច បម្រេីប្រជាពលរដ្ឋ ការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងកិច្ចប្រជុំធំៗជាច្រេីន ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ។



















