រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូត្រមន្ត និងរាប់បាត្រព្រះសង្ឃ២៨អង្គ សុំសេចក្ដីសុខ ក្នុងឱកាសចូលឆ្នាំថ្មី!

ភ្នំពេញ៖ មន្រ្តីរាជការសាលាខណ្ឌពោធិ៍សែនជ័យបានធ្វើពិធីបុណ្យសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន២៨អង្គ ដើម្បីសុំសេចក្ដីសុខចម្រុងចម្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

ពិធីនោះបានប្រព្រឹត្តទៅនាថ្ងៃ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងវេលាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសាលាខណ្ឌពោធិ៍សែនជ័យ ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យអង្គភាពបណ្ដាញព័ត៌មានយើង ថា អ្នកផ្ដើមបុណ្យនេះរួមមាន លោកក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌនិងភរិយា ព្រមទាំងសមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ  លោក សក់ កញ្ញារិទ្ធ អភិបាលខណ្ឌនិងភរិយា លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោកអធិការ អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក- លោកស្រីប្រធានការិយាល័យជុំវិញខណ្ឌលោក- លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង និងមន្រ្តីសង្កាត់ទាំង៧ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ គណៈកម្មការផ្សារទាំង៣ និងអាជីវករ ព្រមទាំងប្រជាពលរដ្ឋទូទាំងខណ្ឌ។

មន្រ្តីខាងលើ បានប្រាប់ឲ្យដឹងបន្តទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ តែងតែបានធ្វើពិធីបុណ្យសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃមិនដែលខាន ដើម្បីសុំសេចក្ដីសុខចម្រុងចម្រើនជូនមន្រ្តីរាជការ ។ជាពិសេសទៀតនោះគឺដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ព្រលឹងវិញ្ញាណក្ខន្ធអតីតមន្រ្តីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុបម្រើជាតិមាតុភូមិនិងប្រជាជន។

មន្រ្តីដដែលបានប្រាប់បន្ថែមទៀតថា ពិធីបុណ្យបានប្រព្រឹត្តទៅដោយសទ្ធាជ្រះថ្លា ក្រោមការសាមគ្គីភាពពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួម។ដោយនៅក្នុងឱកាសនោះ អ្នកទាំងអស់គ្នាសុទ្ធតែបាននាំយកនូវចង្ហាន់ និងទេយ្យវត្ថុផ្សេងរៀងៗខ្លួន ទៅរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន២៨អង្គ ទៅតាមកិច្ចនៃពិធីបុណ្យដែលបានរៀបចំឡើងនោះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close