ព្រៃវែង៖ ជនក្លែងបន្លំធ្វើជាព្រះសង្ឃចំនួន១២នាក់ ត្រូវបានសមត្ថកិច្ច ការិយាល័យធម្មការធ្វើការឃាត់ខ្លួន បន្ទាប់ពីបន្លំក្លែងគ្រងស្បងចីវរ ដើរបិណ្ឌបាតក្នុងកម្មវិធី បុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលពេជ្រ ហៅវត្តសុខោ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ មានប្រារព្វពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលពេជ្រ ស្រាប់តែមានជនបន្លំខ្លួនគ្រងស្បងចីវរ ធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត បច្ច័យ សម្ភារៈផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ។ ដោយឃើញខុសប្រក្រតី ហើយគ្មានអ្នកណាស្គាល់ មកពីណា សមត្ថកិច្ចហៅនាំសាកសួរ ទើបដឹងថាជាសង្ឃក្លែងក្លាយ សហការជាមួយការិយាល័យធម្មការ ឃាត់បានចំនួន១២នាក់ ។
សង្ឃក្លែងក្លាយទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបបទតាមនីតិវីធីច្បាប់ ៕