គប់ កញ្ចក់ឡាន ទៀតហើយ លើកនេះ មិនមែន តាកែវទេ គឺខេត្តព្រះសីហនុ!

ព្រះសីហនុ ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២និង៣០នាទី នៅចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគប់កញ្ចក់រថយន្ត មួយកើតឡើង បង្កដោ​យជនសង្ស័យចំនួន២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មកដល់ចំណុចខាងលើ បាន ប្រើដុំថ្មគប់ទៅលើរថយន្ត ០១គ្រឿង ម៉ាក លិចសុីស RX33​0 ពណ៌ស ក្នុងទិសដៅផ្ទុយ​គ្នា បណ្តាលអោយបែកកញ្ច​ក់ខាងមុខ ផ្នែកខាងឆ្វេង។

ក្រោយកើតហេតុ ជនរងគ្រោះ បានបន្តដំណើរទៅលំនៅដ្ឋា​ន នៅឯភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុងព្រះ​សី​ហនុ ដោយពុំបានប្ដឹងរាយការណ៍នោះទេ។ ពេលទៅដល់ផ្ទះគាត់ ទើបគាត់ទូរ​ស័ព្ទប្រចាំបញ្ជារបស់អធិការ​ដ្ឋាននគរ​បាលស្រុកព្រៃនប់ ដោយគាត់បានរៀបរាប់ប្រាប់ដល់សមត្ថកិច្ចយើងថា៖ ពេលគាត់មកដល់ចំណុចខាងលើ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តគាត់តែម្តង ក្រោយកើតហេតុ ជនបង្ករត់គេចខ្លួនបាត់​។​

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកស្នងការបានបញ្ជាអោយកម្លាំងអធិការដ្ឋាននគបាលស្រុកព្រៃនប់ ចុះមកសហការជាមួយកម្លាំងប៉ុស្តិ៍នគនរបាលរដ្ឋបាលឃុំបិតត្រាំង បានធ្វើការស្រាវជ្រាវស្វែងរក និងនាំខ្លួនជនសង្ស័យចំនួន២នាក់ មកសាកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង តែជនទាំង២នាក់រឹងរូសមិនឆ្លើយសារភាព រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១និង៤៥នាទី ទើបបានបញ្ជូនជនសង្ស័យទាំង២ មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តសាកសួរនីតិវិធី ជំនាញ ទើបជនសង្ស័យទាំង២នាក់ ព្រមសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព គប់ដុំថ្មទៅលើកញ្ចក់រថយន្តពិតប្រាកដមែន ។ មូលហេតុ ដោយខឹងរថយន្តជិះទិសដៅផ្ទុយគ្នាបើកភ្លើងហ្វាដាក់ចាំងភ្នែកខ្លួន មិនព្រមទម្លាក់ភ្លើងហ្វា ទើបខ្លួនខឹងក៏គ្រវែងដុំថ្មគប់ ប៉ុន្តែបែរជាត្រូវរថយន្តខាងក្រោយទិសដៅស្របគ្នាទៅវិញ បណ្តាលអោយបែកកញ្ចក់ខាងមុខ។
ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ វេលេម៉ោងប្រហែល ២២និង០០នាទី ពួកគេទាំង២នាក់ បានជិះម៉ូតូចេញពីវត្តគិរីសុខារ៉ាម ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ឆ្ពោះទៅក្រុងព្រះសីហនុ ដើម្បីតាមរកក្រុមស្ទាវ១ ក្រុម ដែលបានចូលក្នុងវត្តរករឿងបង្កជម្លោះ ជាមួយរបស់ក្រុមខ្លួន។ ដោយជិះទៅបានប្រហែល ៤០០ម៉ែត្រ ពួកគេទាំង២នាក់បានឈប់ម៉ូតូបត់ជើងតូច និងបានរើសដុំថ្ម១ដុំ ដាក់នៅផ្នែកខាងមុខ គៀបប្រឡោះភ្លៅ ( អ្នកបើក ) រួចក៏បានបន្តដំណើរទៅមុខទៀត បានប្រហែល ១០០ម៉ែត្រ ក៏បានឃើញរថយន្តមួយគ្រឿង មានទិសដៅផ្ទុយគ្នា បានបើកភ្លើងហ្វា ធ្វើអោយពួកគេទាំង២នាក់ ពិបាកមើលផ្លូវ ពេលនោះឈ្មោះ ហេង ក៏បានបើកភ្លើងហ្វាម៉ូតូ ញាក់ចំនួន២ទៅ៣ដងដែរ ដើម្បីសុំអោយរថយន្តនោះទម្លាក់ភ្លើងហ្វា តែរថយន្តនោះមិនទម្លាក់អោយទេ ទើបឈ្មោះ ហេង បានយកដុំថ្មដែលរើសទុក ក្រវែងគប់ទៅលើរថយន្តនោះ តែម្ដងទៅ ប៉ុន្តែបែរជាត្រូវរថយន្តខាងក្រោយជិះទិសដៅស្របគ្នាទៅវិញ បន្ទាប់ពីធ្វើសម្មភាពរួចពួកគេទាំង២នាក់ ក៏បានជិះម៉ូតូរត់គេចខ្លួនទៅ តាមផ្លូវបត់ក្រុមហ៊ុន អាន កូ ចុះទៅខ្មែរធ្វើបាន រួចជិះទៅភូមិរបស់ខ្លួនវិញ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ជនរងគ្រោះមានឈ្មោះ ផែន ឆេងលី ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុងព្រះ​សី​ហនុ ។

ជនសង្ស័យមានឈ្មោះ ១. ឈ្មោះ សោម សឿន ហៅនឿន ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

និង២. ឈ្មោះ គន ស៊ុនហេង ភេទប្រុស អាយុជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ជា អ្នក គប់កញ្ចក់រថយន្ត )ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូអាសង់សារីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ និងគ្មានការបាំងមុខ ចំនួន១ គ្រឿង, ទូរស័ព្ទចំនួន៣ គ្រឿង ម៉ាកVIVO ពណ៌ខ្មៅ ១គ្រឿង, ម៉ាកLG ពណ៌ទឹកប្រាក់ ១គ្រឿង, ម៉ាកOPPO, ដុំថ្ម១ដុំ។
បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធីជំនាញ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close