ខេត្តកំពង់ចាម៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២ និង ៣០នាទី បន្ទាប់ពីទទួលព័ត៌មានពីភ្នាក់ងារផ្ដល់ព័ត៌មានថា ៖ មានករណីលេងល្បែងស៊ីសងជល់មាន់ (ភ្នាល់ដាក់ប្រាក់) កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះអណ្ដែត បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងជល់មាន់ នៅចំណុចដីចំការនៅមាត់ព្រែក ខាងកើតភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ចម្ងាយប្រហែល ២.០០០ ម៉ែត្រជាប់នឹងព្រំប្រទល់ ឃុំមហាខ្ញូង ស្រុកកោះសូទិន។
ពេលកម្លាំងសមត្ថកិច្ចទៅដល់មុខសញ្ញាលេងល្បែងស៊ីសង បានរត់គេចខ្លួនបាត់អស់បន្សល់ទុកនៅកន្លែងកើតហេតុមានសម្ភារៈវត្ថុតាងមួយចំនួនរួមមាន៖
-ម៉ូតូចំនួន១៦គ្រឿង
-កន្ត្រកដាក់មាន់ពីរ
-ជញ្ជីងសម្រាប់ថ្លឹងមាន់ ១គ្រឿង
-បង់សម្រាប់រុំខ្នាយមាន់មួយចំនួន
-ស្បែកជើងមួយចំនួន។
កម្លាំងសមត្ថកិច្ច បានចាប់យកសម្ភារៈខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។