ឯកឧត្តម ឃឹម ហ្វីណង់៖ «ក្រុងសៀមរាប» ត្រូវបានជ្រើសរើសជាក្រុងមួយ ក្នុងចំណោមក្រុងទេសចរណ៍ចំនួន៤ផ្សេងទៀតនៅក្នុងបណ្តាប្រទេសអាស៊ាន
កោះបាលី, ឥណ្ឌូនេសុី ៖ ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បញ្ជាក់ថា ៖ «ក្រុងសៀមរាប» ត្រូវបានជ្រើសរើសជាក្រុងមួយ ក្នុងចំណោមក្រុងទេសចរណ៍ចំនួន៤ផ្សេងទៀតនៅក្នុងបណ្តាប្រទេសអាស៊ាន ដើម្បីទទួលបានថវិកាអនុវត្តសាកល្បងនៃគម្រោង«លើកកម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹងក្នុងក្រុងទេសចរណ៍នៃបណ្តាប្រទេសនៅអាស៊ាន» ហៅកាត់ថា «AMUSE»។ សង្ឃឹមថាគម្រោងនេះ បូកផ្សំនឹងគម្រោងគ្រប់គ្រងសំរាមឆ្លាតវៃនៃអង្គការJICA យុទ្ធនាការសៀមរាបផ្ទះខ្ញុំនៃស.ស.យ.ក សៀមរាប និងគំនិតផ្តួចផ្តើមបរិស្ថានផ្សេងៗទៀតនៅក្នុងខេត្ត នឹងជួយធ្វើឱ្យក្រុងសៀមរាបមានភាពស្រស់ស្អាត នាំមុខគេនៅក្នុងវិស័យគ្រប់គ្រងបរិស្ថាននៅក្នុងពេលខាងមុខ។
តបតាមការអញ្ជើញរបស់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) និងក្នុងនាមអភិបាលរងទទួលបន្ទុកការងារបរិស្ថាន ឯកឧត្តម បានតំណាងឯកឧត្តមអភិបាលខេត្ត ចូលរួមសិក្ខាសាលាថ្នាក់តំបន់រយៈពេល៣ថ្ងៃ ស្តីពីការប្រកាស អនុវត្គគម្រោង AMUSEជាផ្លូវការ នៅកោះបាលី ប្រទេសឥណ្ឌូនេសុី។ ក្នុងសិក្ខាសាលានេះ អភិបាលរងរូបនេះ ក៏បានតំណាងប្រទេស កម្ពុជាចូលរួមជាវាគ្មិនមួយរូប ដើម្បីជជែកពិភាក្សា និងធ្វើបទបង្ហាញពីបញ្ហាប្រឈម កាលានុវត្តភាព និងបទពិសោធល្អៗនៃគ្រប់គ្រងសំរាមសំណល់រឹង ជាពិសេស អាចមានឱកាសបានបង្អួតបង្ហាញពីភាពស្រស់ស្អាតនៃ«ភូមិព្រះដាក់» និងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាមសំណល់រឹងរបស់សហគមន៍នៅទីនោះ។
ប្រតិភូពីប្រទេសកម្ពុជា រួមមានតំណាងមកពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងមន្ត្រីរបស់ GIZ ប្រចាំប្រទេសកម្ពុជា សរុបចំនួន៥នាក់ ហើយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ានក៏បានបញ្ជូនសមាសភាពប្រតិភូប្រហាក់ប្រហែលគ្នានេះឱ្យមកចូលរួមផងដែរ។



















