លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ប័ណ្ណ (បសស) និងចែកអំណោយដល់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស) និងនាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងសហគមន៍ អង្កការមូនិធិកុមារកម្ពុជា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាង៦០០នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតតំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកការផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនចំពោះលោក Scott Neeson ស្ថាបនិក និងជានាយកអង្គការមូលនិធិកុមារកម្ពុជា(CCF) កុមារនិងមនុស្សចាស់នៅក្នុងអង្គការនេះ ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់។ លោកជំទាវបានឱ្យដឹងថា អង្គការនេះលោកជំទាវ បានស្គាល់ជិត ១០មកហើយ ដោយជារៀងរាល់ឆ្នាំលោកជំទាវ និងក្រុមការងារ តែងតែងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កុមារ និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងអង្កការនេះ១ឆ្នាំ២ដង។

លោកជំទាវបន្តថាឆ្នាំនេះ អ្វីដែលពិសេសលើសពីអំណោយ ដែលចែកជូនចំនួន៦៤៦គ្រួសារនោះ តាមការចង្អុលបង្ហាញរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត គឺបានធ្វើប័ណ្ណ (បសស) ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រនៅទីនេះ បានចំនួន៥៥៥គ្រួសារផងដែរ។  

តាមការឲ្យដឹងពីលោក ហែម ដារិទ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលយកប័ណ្ណ (បសស) និងអំណោយនាពេលពេលនេះ ពួកគាត់ប្រកបមុខរបប រត់កង់បី រត់ម៉ូតឌុប លក់ដូរតិចតួច អ្នកអនាម័យ អ្នកធ្វើការតាមផ្ទះ អ្នករើសអេតចាយ អ្នកមើលថែកុមារជាដើម ដែលត្រូវទទួលបានប័ណ្ណ (បសស) និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានរហូតដល់ ៨៤០ប័ណ្ណ ស្មើរនឹង ៥៥៥គ្រួសារ។ ក្នុងនោះលោកលោកយាយលោកតា ដែលស្ថិតនៅក្នុងកម្មវិធីចាស់ជរារបស់ អង្កការមូលនិធិកម្ពុជា មានចំនួន៩១នាក់ផងដែរ។

លោក ហួត ហៃ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងដែរថា វត្តមានរបស់លោកជំទាវបណ្ឌិតនាឱកាសនេះ ពិតជាបានឆ្លុះបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ស្រឡាញ់ ផ្ដល់តម្លៃ និងការគិតគូរជាប់ជាប្រចាំពី សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្របតាមគំរូវីរភាពរបស់ សម្តេចទាំងទ្វេ ដែលតែងតែគិតគូរអំពី សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានវត្តមាន សម្តេចតជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត”៕

អត្ថបទដែលជាប់ទាក់ទង
Open

Close