សាខាកាកបាទក្រហម នាំយកអំណោយមនុស្សធម៌ និងចូលរួមរំលែកទុក្ខជាមួយ គ្រួសារ សព ដែល រងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ ក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ ៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ លោក ស៊ុំ សំអន នាយកសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពលោក ផេង ចាន់ធូ អាយុ៤៤ឆ្នាំ មានទីលំនៅស្ថិតភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយឧបទ្ទវ កាលពីល្ងាចថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកនាយកសាខា បានជម្រាបជូនក្រុមគ្រួសារសពថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកនាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ និងសូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពផង។ នេះជាការបាត់បង់នូវមេគ្រួសារ ដែលជាបង្គោលដ៏រឹងមាំ ហើយលោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
អំណោយដែលបានចូលរួមបុណ្យមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ៣០គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស ថវិកា៨សែនរៀល៕