បុរសម្នាក់ បាត់បង់អាយុជីវិត ក្នុងឧបទ្ទវហេតុ ភ្លៀងលាយឡំដោយ ខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហោះ នាយប់ទី២៩ មីនា ២០២៣ ថា ៖ ខ្ញុំសូមចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋចំពោះ ការខូចខាត និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព បងប្រុស ផេង ចន្ធូ អាយុ៤៤ឆ្នាំ ដែលបានទទួលមរណភាព ក្នុងគ្រោះ ឧបទ្ទវហេតុ ភ្លៀងលាយខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប។

សូមជម្រាបថា កាលពីវេលាម៉ោង១៧ និង២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួន ក្នុងក្រុងសៀមរាប។
ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

រដ្ឋបាលខេត្ត សូមសំដែងការសោកស្តាយចំពោះឧបទ្ទវហេតុ នៃគ្រោះធម្មជាតិនេះ និងសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើ។

យោងតាម គណនី ហ្វេសប៊ុក ឈ្មោះ អ៊ុក ពិសិដ្ឋ បានសរសេររៀបរាប់ថា ៖  ដោយសារភ្លៀង ខ្យល់ កន្រ្តាក់ បោកបក់ខ្លាំង បណ្តាលឲ្យផ្ទាំងប៉ាណូកាត់ទទឹងផ្លូវ នៅមុខសណ្ឋាគារ ក្បែរផ្សារលើ មួយកន្លែងបាក់រលំ សង្កត់ស្លាប់សម្លាញ់ខ្ញុំម្នាក់ ឈ្មោះ ផេង ចាន់ធូ។
ចាន់ធូ ជាអាជីវករលក់មាសផ្សារលើ ខេត្តសៀមរាប។
សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផង និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធសម្លាញ់បានដល់ឋានសុគតិភព។
ដោយក្តីវិយោគសោកសៅយ៉ាងខ្លាំង។
អត្ថបទដែលជាប់ទាក់ទង
Open

Close