ការកែតម្រូវ បញ្ចីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព..!

ភ្នំពេញ៖ នៅថ្ងៃទី២៩ មីនា ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ៖  ការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន (បញ្ចីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព) ឯកសារយោង និង ទីកន្លែងដាក់ពាក្យ

ក. ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានដែលអាចកែតម្រូវបានក្នុងសមត្ថកិច្ចអត្តសញ្ញាណកម្ម

១.ការខុសឆ្គងអក្ខរាវិរុទ្ធ នាមត្រកូល និង/ឬនាមខ្លួន ជាអក្សរខ្មែរ និងអក្សរឡាតាំង របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នា ប៉ុន្តែការសរសេរខុសគ្នា)។

២.ការសរសេរខុស ភេទ នៅពេលចុះបញ្ជីដូចជា ភេទ ប្រុស តែសរសេរដាក់ថា ភេទ ស្រី ឬ ភេទស្រី តែសរសេរដាក់ថា ភេទ ប្រុស។

៣.ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ។

៤.ខុសថ្ងៃកំណើតសុរិយគតិ (ដូចជាថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា)។

៥.ខុសថ្ងៃកំណើតច័ន្ទគតិ ដូចជាសរសេរចុះដាក់ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ១៩៧២ ប៉ុន្តែជាក់ស្តែងថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧២ ជាថ្ងៃព្រហស្បតិ៍។

៦.ការភាន់ច្រឡំទីតាំងភូមិសាស្រ្តរដ្ឋបាល ដូចជាសរសេរដាក់ថា ស្រុកកំពង់សៀម ខេត្តកំពង់ស្ពឺ ប៉ុន្តែជាក់ស្តែង ស្រុកកំពង់សៀម ស្ថិតក្នុងខេត្តកំពង់ចាម។

៧.ខ្ទង់ទីកន្លែងកំណើត បានសរសេរខុសពីទីកន្លែងកំណើតដែលសាមីខ្លួនបានកើតជាក់ស្តែងរសេរខុសទីតាំងភូមិសាស្រ្តរដ្ឋបាលនាសម័យដែលបុគ្គលនោះកើត ឧទាហរណ៍បញ្ជីកំណើតរបស់បុគ្គលម្នាក់បានចុះថា កើតឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងអំឡុងឆ្នាំ ១៩៨៥ ស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំបង ពីព្រោះមិនទាន់បង្កើតខេត្តបន្ទាយមានជ័យនៅឡើយ។

៨.ការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន លើកលែងតែការបន្ថែមទិន្នន័យព័ត៌មានណាដែលធ្វើឱ្យសាមីខ្លួនរួចផុតពីការទទួលខុសផ្លូវច្បាប់។

៩.សម្រេចមោឃភាពលើបញ្ជីអត្រានុកូលដ្ឋាន និងដកហូតសំបុត្រអត្រានុកូលដ្ឋានទាំងឡាយណាដែលបានចុះជាន់គ្នា ឬចុះខុសពីបែបបទនីតិវិធីនៃការងារអត្រានុកូលដ្ឋាន។

១០.កែតម្រូវទិន្នន័យអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។

ខ. សមត្ថកិច្ច និងទីកន្លែងដាក់ពាក្យ

១.ក្នុងឆ្នាំកំពុងអនុវត្ត ការកែតម្រូវទិន្នន័យ និងការធ្វើមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ។
សាមីខ្លួន ឬអាណាព្យាបាល ឬញាតិជានីតិជនដែលនៅក្នុងផ្ទះជាមួយ អាចដាក់ពាក្យសុំកែតម្រូវនៅឃុំ សង្កាត់។
២.ក្នុងឆ្នាំកន្លងផុត ការកែតម្រូវទិន្នន័យ និងការធ្វើមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ។

សាមីខ្លួន ឬអាណាព្យាបាល ឬញាតិជានីតិជនដែលនៅក្នុងផ្ទះជាមួយ អាចដាក់ពាក្យសុំកែតម្រូវនៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឬនៅសាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនបាននឹងកំពុងរក្សាទុក។
៣.ករណីដែលមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិមិនអាចកែតម្រូវទិន្នន័យព័ត៌មានដូចមានក្នុងចំណុចខាងលើ ជាសមត្ថកិច្ចរបស់តុលាការ។

សាមីខ្លួន ឬអាណាព្យាបាល ឬញាតិជានីតិជនដែលនៅក្នុងផ្ទះជាមួយ អាចដាក់ពាក្យសុំទៅសាលាដំបូងរាជធានី ខេត្ត ដើម្បីចេញសេចក្តីសម្រេច បង្គាប់មកមន្ត្រីអត្រានុកូលដ្ឋានឱ្យកែតម្រូវ។
គ.ឯកសារយោងសម្រាប់ស្នើសុំកែតម្រូវ ឬមោឃភាព
-បញ្ជី ឬសេចក្តីចម្លងអត្រានុកូលដ្ឋានដែលមានកាលបរិច្ឆេទក្នុងឆ្នាំប្រតិទិន ដែលត្រូវកែតម្រូវ ឬត្រូវមោឃភាព

-សំបុត្រអត្រានុកូលដ្ឋានច្បាប់ដើម (ករណីបាត់សំបុត្រអត្រានុកូលដ្ឋានច្បាប់ដើម សាមីខ្លួន ឬអាណាព្យាបាលត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាល)

-សៀវភៅស្នាក់នៅ និង/ឬសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន(បើមាន)
-ឯកសារពាក់ព័ន្ធផ្សេងៗទៀតដូចជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ សញ្ញាបត្រ។ល។

👉 យោង សេចក្តីណែនាំលេខ០៤៥ សណន ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន។

👉សម្រាប់ព័ត៌មានផ្សេងៗ សូមទំនាក់ទំនងផ្ទាល់នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ១ ទល់មុខបុរីប៉េង ហួត បឹងស្នោ ឬទាក់ទងមកមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់សុក្រ តាមរយៈលេខទូរស័ព្ទ ១២៧១/ ០១៧ ៨៩៨ ៩១៥។

សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close