បទល្មើស នេសាទ កំពុងកើនឡើងខ្លាំងនៅតំបន់ទន្លេសាបខេត្តសៀមរាប ដោយពុំមានអាជ្ញាធរណាចុះបង្ក្រាបនៅឡើយ..! ក្រសួងកសិកម្ម រុក្ខាបមាញ់ និងនេសាទ បំភ្លឺថា..!
ក្រសួងកសិកម្ម រុក្ខាបមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មានថា ៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ វិទ្យុអាស៊ីសេរី បានផ្សាយព័ត៌មានថា “ប្រជាពលរដ្ឋអះអាងថា បទល្មើស នេសាទកំពុងកើនឡើងខ្លាំងនៅតំបន់ទន្លេសាបខេត្តសៀមរាប ដោយពុំមានអាជ្ញាធរណាចុះបង្ក្រាបនៅឡើយ។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា អាជ្ញាធរដែលមានរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់ នគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប នៅតែបន្តបេសកម្មបង្ក្រាបបទល្មើសនានានៅក្នុងបឹងទន្លេសាប ដោយឈជើងផ្ទាល់នៅទីស្នាក់ការ ទាំងឡាយជាពិសេសនៅកំពង់ភ្លុកតែម្ដង។ ឆ្លើយតបនឹងការចោទប្រកាន់របស់វិទ្យុអាស៊ីសេរីនេះ ជាលទ្ធផលជាក់ស្តែង រយៈពេល៣ខែចុងក្រោយនេះ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប បានរឹបអូសនិងបំផ្លាញ អួនអូសទឹកសាប ៩វង់ ឧបករណ៍ឆក់ក្តៅនិងត្រជាក់ ៣៣គ្រឿង ឈិបយន្ត ១គ្រឿង របាំងស្បៃមុងនិងសាច់អួន ១២៤ ០៥៥ម៉ែត្រ លូនិងលប ៩៧៥មាត់/គ្រឿង បង្គោលចម្រឹង ៥១ ៣៥២ដើម កាណូត ៥គ្រឿង ម៉ាស៊ីនកាណូត ៤គ្រឿង និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៣ករណី ចេញដីកាកោះហៅជនសង្ស័យចំនួនម្នាក់ និងមានជនល្មើសជាប់ ពន្ធនាគារដោយសារបទល្មើសនេសាទចំនួន ៥នាក់។
ដោយឡែក ចំពោះការរាយការណ៍នានាពីអ្នកនេសាទ អាជ្ញាធរឃុំតែងបានសហការជាមួយសមត្ថកិច្ចជលផល ទៅពិនិត្យដល់ទីកន្លែងជាក់ស្តែងដែលបានរាយការណ៍ ហើយក៏ធ្លាប់ឃើញមានការប្រើអូនហ៊ុម និងប្រើកម្លាំងម៉ាស៊ីនរួម ផ្សំ ក្នុងករណីនេះ សមត្ថកិច្ចជលផលបានធ្វើការណែនាំពួកគាត់ឱ្យបញ្ឈប់ការប្រើម៉ាស៊ីនរួមផ្សំនេះផងដែរ ព្រោះវិធាន ការពង្រឹងច្បាប់ ត្រូវផ្សារភ្ជាប់នឹងការអប់រំ។
សូមបញ្ជាក់ថាគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប និង គណៈបញ្ហាការឯកភាពខេត្តជុំវិញបឹងទន្លេសាបបាន បង្ក្រាបបទល្មើសនសាទជាបន្តបន្ទាប់ ជាពិសេសបទល្មើសនេសាទ ទ្រង់ទ្រាយធំ ដូចជា អូនអូសទឹកសាប អួនអូសឆក់ និងឈឹបយន្ត ជាដើម បានបង្ក្រាបទាំងស្រុងអស់ហើយ ។ ចំពោះ ឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយតូចផ្សេងៗ ដូចជា ឆក់ត្រជាក់ ឆក់ក្តៅ និងរបាំងសាច់អួនដែលមានប្រវែងវែង និងក្រឡាញឹក ក៏កំពុងត្រូវបានបង្ក្រាបជាបន្តបន្ទាប់។
តាមរយៈលទ្ធផលនៃការបង្ក្រាបនេះ ផលនេសាទទឹកសាប មានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសនៅ តំបន់បឹងទន្លេសាប ដងស្ទឹងនានាជុំវិញបឹងទន្លេសាប និងតាមដងទន្លេសាប (ផលនេសាទទឹកសាប ឆ្នាំ២០២១ ស្មើ ៣៨៣ ០៥០តោន និងឆ្នាំ២០២២ កើនដល់ ៤០៦ ៤០០តោន)។
អាស្រ័យដូចនេះ ការលើកឡើងថាបទល្មើសនេសាទមានការកើនឡើងដោយគ្មានការអើពើពីអាជ្ញាធរ ជារឿង បំផ្លើស ដែលអ្នកអនុវត្តច្បាប់មិនអាចទទួលយកបាន។ រដ្ឋបាលជលផលសូមអំពាវនាវដល់អ្នកកាសែត សេក បណ្ឌិត និងវិទ្យុក្រៅច្បាប់អាស៊ីសេរី ឱ្យធ្វើការវាយតម្លៃប្រកបដោយសុចរិតភាព និងផ្តល់តម្លៃដល់ការខំប្រឹងប្រែងរបស់មន្ត្រី អនុវត្តច្បាប់ក្នុងភារកិច្ចការពារធនធានជលផល ដើម្បីប្រជាជនខ្មែរជំនាន់ក្រោយទាំងអស់។