ព័ត៌មានលម្អិត ករណី ឃាតកម្ម ក្នុងខេត្តកំពង់ធំ …!

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា កាលពីថ្ងៃទី២៧ ខែមីនា នៅវេលាម៉ោង៨ និង៣០នាទី បុរសអាយុ២៩ឆ្នាំម្នាក់បានចូលទៅក្នុងផ្ទះរបស់គ្រួសារប្រពន្ធ ស្ថិតនៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានកាំភ្លើងខ្លីយកតាមខ្លួន។

ពេលដែលចូលដល់ក្នុងផ្ទះ បុរសជាជនសង្ស័យនេះបានយកកាំភ្លើងបាញ់សម្លាប់ស្រ្តីអាយុ៥៧ឆ្នាំដែលត្រូវជាជីដូនរបស់ប្រពន្ធ រួចបាញ់សម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំដែលត្រូវជាប្អូនប្រុសបង្កើតរបស់ប្រពន្ធ។ បន្ទាប់មកជនសង្ស័យបានបាញ់ទៅលើប្រពន្ធរបស់ខ្លួនដែលមានអាយុ១៨ឆ្នាំ បង្កអោយរងរបួសធ្ងន់ មុននឹងរត់គេចខ្លួន។

អង្គភាពការពារកុមារ (CPU) ទទួលពត៌មានអំពីរឿងហេតុនេះ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានបើកការស៊ើបអង្កេត និងបានចាប់ផ្តើមបេសកកម្មស្វែងរកជនសង្ស័យភ្លៀមៗផងដែរ។ ជនរងគ្រោះអាយុ១៨ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីទទួលការសង្គ្រោះបន្ទាប់ រួចក៏បានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យកាល់ម៉ែត រាជធានី ដើម្បីទទួលការវះកាត់ដកគ្រាប់កាំភ្លើង២គ្រាប់ចេញ។

ជនរងគ្រោះនេះស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅឡើយ។

បេសកកម្មស្វែងរកជនល្មើសបានប្រតិបត្តិការទាំងយប់។ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមីនា សាកសពបុរសអាយុ២៩ឆ្នាំ ដែលត្រូវបានកំណត់ថាជាជនសង្ស័យក្នុងករណីនេះ ត្រូវបានគេរកឃើញនៅក្នុងវាលស្រែមួយកន្លែង ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សាកសពនេះ បានរងរបួសគ្រាប់កាំភ្លើងនៅលើផ្នែកក្បាល ដែលមន្ត្រីជំនាញបានកំណត់ថាជារបួសបង្កដោយខ្លួនឯងក្នុងអំពើអត្តឃាត។

ការស៊ើបអង្កេតបឋមបានបង្ហាញថាគ្រួសារនេះ ធ្លាប់មានបញ្ហាទំនាស់ក្នុងគ្រួសារ រស់នៅមិនចុះសំរុងគ្នារវាងជនសង្ស័យ និងក្រុមគ្រួសារជនរងគ្រោះ។ ការស៊ើបអង្កេតនេះកំពុងតែបន្តនៅឡើយ។

អង្គភាពការពារកុមារ (CPU) កំពុងផ្តល់ជាការជ្រោមជ្រែងក្នុងការស៊ើបអង្កេត និងផ្គត់ផ្គង់ការគាំទ្រដល់ក្រុមគ្រួសាររងគ្រោះផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close