ភ្នំពេញ ៖ នៅថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការប្រកាសសមាសភាពមន្ត្រីអធិការកិច្ចផ្លូវថ្នល់ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងការវាស់កាត់ឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអគ្គនាយក លោក- លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាអំពីការរៀបចំឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ និងបែបបទ នីតិវិធីនៃការប្រកាសសមាសភាពមន្ត្រីអធិការកិច្ចផ្លូវថ្នល់ រួមមាន៖ មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធ នឹងវិស័យផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកដល់មន្ត្រីអធិការកិច្ចទាំងអស់ឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងមន្ត្រីអធិការកិច្ច បន្ទាប់ពីបានក្លាយខ្លួនជាមន្ត្រីអធិការកិច្ច និងបានណែនាំឱ្យចូលរួមវគ្គបណ្តុះបណ្តាលខ្លីប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅពេលមានការរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីពាក់ព័ន្ធនឹងអធិការកិច្ចផ្លូវថ្នល់។
សូមជម្រាបជូនថា៖ យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ និងប្រកាសអន្តរក្រសួងលេខ០៤៦ ស្ដីពីនីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នល់ ការចុះធ្វើអធិការកិច្ចផ្លូវថ្នល់លើបណ្ដាញផ្លូវថ្នល់ គឺដើម្បីពិនិត្យតាមដាន និងស្រាវជ្រាវនៅតាមតំបន់ ដែលបុគ្គលបានប្រព្រឹត្តអំពើល្មើសនឹងច្បាប់ស្តីពីផ្លូវថ្នល់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងដើម្បីជំរុញការគោរពច្បាប់ ធានាសុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់បទល្មើសផ្សេងៗនៅតាមផ្លូវថ្នល់ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវមានសិទ្ធិអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយឯករាជ្យ មិនលម្អៀង និងប្រកបដោយតម្លាភាព ប្រសិទ្ធភាពព្រមទាំងមានការទទួលខុសត្រូវលើសកម្មភាពអធិការកិច្ចរបស់ខ្លួន។
រាល់ការចុះតាមដានស្រាវជ្រាវ និងត្រួតពិនិត្យ ត្រូវធ្វើឡើងជាប្រចាំយ៉ាងតិច២ដងក្នុង១ឆ្នាំ នៅតាមទីតាំង ឬលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមបណ្តាញផ្លូវថ្នល់ រួមមាន៖ ផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ផ្លូវរាជធានី ផ្លូវក្រុង ផ្លូវក្នុងទីប្រជុំជននានា ក្នុងខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ដែលកំណត់ដោយច្បាប់៕