“កសិករនៅ ខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ” ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាស ព័ត៌មាន ថា…!

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាស ព័ត៌មាន ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា “កសិករនៅ ខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ”។

អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី គ្មានភាពច្បាស់លាស់ឱ្យអគ្គនាយកដ្ឋានកសិកម្មអាច ពិនិត្យដោះស្រាយបញ្ហាដូចដែលបានលើកឡើងនេះឡើយ។ ជាក់ស្ដែង ការលើកឡើងថា លោក សំ សុគីន បានភ្ជួរបន្លែសាលាដចោលចំនួន ៥តោននោះ គឺមិនពិតទេ ដោយសារការចុះស្រាវជ្រាវមិនបានរកឃើញថា ឈ្មោះ លោក សំ សុគីន បានឈូសសាលាដចោលទេ តែលេចចេញកសិករឈ្មោះ ហេង នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដ ដែលមានអាយុកាលចាស់សល់ពីការប្រមូលផលនិងដាំចម្រុះជាមួយ ដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។ ម្យ៉ាងទៀត ការចុះផ្សាយព័ត៌មានថា តម្លៃត្រសក់ចុះថោកនិងដាក់ រូបភាពបុរសដេកលើត្រសក់ គឺជារូបភាពចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩មកម្លេះ នៅពេលប្រទេស កម្ពុជាយើង ក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ១៩។

ជារួម រាល់ការលើកឡើងរបស់វិទ្យុអាស៊ីសេរីខាងលើ មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជា កសិករដែលកំពុងដាំដុះដំណាំបន្លែនៅខេត្តកណ្តាលនោះទេ។ ការលើកឡើងដោយអ្នកកាសែតក្រោមឈ្មោះ ក្លែងក្លាយថា ជាតិ ចំណាន អាចជាចេតនាបំភ្លការពិត ដោយប្រើប្រាស់រូបភាពសកម្មភាពចាស់ឆ្នាំ២០១៩ និងលើកឡើងអំពីការភ្ជួរចោលបន្លែចាស់ៗដើម្បីធ្វើការដាំដុះឡើងវិញ។

សូមជម្រាបថា កសិករខ្មែរដែលខិតខំតស៊ូព្យាយាម បានដឹងច្បាស់ពីហានិភ័យទីផ្សារនិងអាកាសធាតុ ជាពិសេសកសិករដែលនៅតែឈរជើងជាង១០ឆ្នាំដូចដែលឈ្មោះ ជាតិ ចំណាន បានលើកដូច្នេះ តើកសិករ រូបនេះបានខាតនិងឈូសបន្លែចោលរហូតឬ? បើខាត១០ឆ្នាំហើយ តើគាត់នៅតែដាំដុះទៀតបានដែរឬទេ? អ្នកកាសែត ជាតិ ចំណាន នេះមិនបានស្រាវជ្រាវអំពីផលចំណេញមធ្យមប្រចាំឆ្នាំរបស់កសិករដាំបន្លែនោះឡើយ។

តាមការសាកសួរតម្លៃបន្លែបោះដុំនៅផ្សារតាខ្មៅនិងផ្សារកួរស្រូវនៅរាជធានីភ្នំពេញ របស់អគ្គនាយដ្ឋាន កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យ ដឹងថា សាលាដមានតម្លៃ៧០០-៨០០៛គ.ក្រ ត្រសក់មានតម្លៃ ៨០០-១ ២០០៛/គ.ក្រខាត់ណាដើមមាន តម្លៃ ១ ០០០-១ ២០០៛/គ.ក្រ និងម្ទេសដៃនាងមានតម្លៃ ៦ ០០០៛/ក្រ។

អគ្គនាយកដ្ឋានកសិកម្ម សូមជម្រាបជូនកសិករ និងសាធារណជនឱ្យបានជ្រាបថា កសិករមាន ជម្រើសប្រឡូកនឹងទីផ្សារសេរីដោយខ្លួនឯងដោយដាំដុះដំណាំដែលខ្លួនវាយតម្លៃថាត្រូវនឹងទីផ្សារ ឬមានជម្រើស ធ្វើកសិកម្មតាមកិច្ចសន្យា។ ក្នុងករណីទី២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង ២៥ នឹងជួយធ្វើសាក្សីលើកិច្ចសន្យាកសិកម្មនេះដើម្បីធានាជូនបងប្អូនកសិករ អ្នកទិញនឹងធានាទីផ្សារជូន តាមពេលវេលាដែលបានកំណត់។ ប៉ុន្តែកសិករក៏ត្រូវមានកាតព្វកិច្ចលក់ក្នុងថ្លៃដែលបានសន្យាដូចគ្នា។ នេះជាវិធីសាស្ត្រធានាទីផ្សារកសិផលមុនពេលធ្វើការដាំដុះ។

អគ្គនាយកដ្ឋានកសិកម្មសង្ឃឹមថា សាធារណជននឹងបានយល់ច្បាស់អំពីការពិតនៃការងារកសិកម្ម ហើយអ្នកកាសែត ឈ្មោះ ក្លែងក្លាយរបស់ អាស៊ីសេរី ជាតិ ចំណាន ក៏អាចយល់បន្ថែមផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close