ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា ក្នុងគ្រាលំបាក” ជាតម្លៃស្នូលក្នុងក្រុម អតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០!

ភ្នំពេញ៖ ក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយកន្លងមកនេះ អតីតសិស្សសាលាបាក់ទូកទសវត្សឆ្នាំ១៩៨០មួយក្រុម ដែលផ្តួចផ្តើមប្រមូលផ្តុំឡើងតាមរយៈចងក្រងក្រុម ក្នុងប្រព័ន្ធWhatsApp និង Telegram ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជាគំរូល្អៗជាច្រើន ក្នុងការជួយគ្នាទៅវិញទៅមក ជួយកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីតលោកគ្រូអ្នកគ្រូ និងតែងប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែលើកឡើងថា ការប្រមូលផ្តុំបង្កើតជាក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូកនេះ គឺក្នុងគោលបំណង រំឭកនូវអនុស្សាវរីយ៍ចាស់ៗដែលធ្លាប់មានជាមួយគ្នា និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក នៅពេលដឹងថាមានមិត្តណាជួបការលំបាកហើយខ្វះលទ្ធភាព ម្នាក់ៗក្នុងក្រុមតែងរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់មិត្តដើម្បីដោះស្រាយការលំបាក ដោយឡែកចំពោះ អតីតលោកគ្រូអ្នកគ្រូ គឺអតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ ជួយដោយស្មើភាពគ្នា ប្រកបដោយមនោសញ្ចេតនាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដោយមិនគិតថាពួកគាត់មានលទ្ធភាពឬមិនមានលទ្ធភាពនោះឡើយ ហើយកាយវិកាទាំងនេះ គឺតែងតែធ្វើជាប់ជាប្រចាំ មកជិត១០ឆ្នាំហើយ ស្របតាមពាក្យស្លោកក្រុមដែលបង្កើតឡើងរួមគ្នាថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ដែលពាក្យស្លោកនេះត្រូវបានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ទុកថាគឺជាតម្លៃស្នូលរបស់ក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងទសវត្សឆ្នាំ១៩៨០។

ចុងក្រោយនេះ មានមិត្តម្នាក់ឈ្មោះ កង ចំរើន បានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនសា ត្រូវបានមិត្តភក្តិរួមជំនាន់ នាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន សរុបបាន ជាង១ម៉ឺនដុល្លារ និងនាំយកទៅព្យាបាលនៅមន្ទីរពេទ្យរហូតបានធូរស្បើយ តែចុងក្រោយ នៅដើមខែមីនាឆ្នាំ២០២៣នេះ ក៏ស្រាប់តែជំងឺ លោក កង ចំរើន ងើបឡើងវិញខ្លាំង ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ទៅទទួលយករូបលោក យកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យអស់ជិត១ខែ និងមានការធានាទាំងស្រុងលើការខ្វះខាតផ្សេងៗពីក្រុមអតីតមិត្តរួមជំនាន់ តែក៏នៅមិនអាចជួយសង្រ្គោះជីវិតលោក បានឡើយ ដោយលោកបានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ហើយពិធីបុណ្យសពលោក ត្រូវបានរៀបចំធ្វើឡើងក្រោមការរ៉ាប់រងចំណាយទាំងស្រុងពីសំណាក់អតីតមិត្តរួមជំនាន់ ហើយនឹងបន្តរ៉ាប់រង រហូតដល់បុណ្យ៧ថ្ងៃ ឲ្យចប់រួចរាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close