ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ៥គ្រួសារ (៥ខ្នងផ្ទះ) កាលពីវេលាម៉ោង ៧:៤៥នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសំណង់មិនរៀបរយ ក្នុងភូមិ៤ ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣នេះ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា «បន្ទាប់ពីបានដឹងពីហេតុការណ៍ភ្លើងឆេះផ្ទះខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងការសោកស្តាយ ក្តីអាណិតអាសូរជាមួយប្រជាពលរដ្ឋរងគ្រោះ ហើយបានចាត់ឱ្យលោកជំទាវផ្ទាល់ និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាខណ្ឌចំការមន ចុះសួរសុខទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា»។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ភ្លើងទៀន ធូប ចង្ក្រាន ហ្គាស់ ឱ្យបានត្រឹមត្រូវ ដោយសារថាគ្រោះអគ្គិភ័យនេះ វាធ្វើឱ្យវិនាសទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូច្នេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។ ទន្ទឹមនឹងនេះ លោកជំទាវ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញើលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំង ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រោះថាយើងនៅមានឱកាសជាច្រើនដោយសារតែយើងកំពុងរស់នៅក្នុងសុខសន្តិភាព ហើយជាពិសេសត្រូវពង្រឹងលើកកម្ពស់ការថែរក្សាអនាម័យ បរិស្ថានរស់នៅជុំវិញខ្លួនឱ្យបានស្អាតល្អ បរិភោគទឹកឆ្អិន ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗដែលនាំឱ្យខាតបង់ពេលវេលា ខាតបង់ថវិកាចំណាយក្នុងគ្រួសារ។
សូមបញ្ជាក់ថា បន្ថែមពីលើអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាខណ្ឌចំការមន, ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗនូវ ៖ អង្ករ ៨០គីឡូក្រាម, មីជាតិ ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, សាប៊ូដុសខ្លួន ២ដប, តង់ ១ផ្ទាំង និងថវិកា ២០ម៉ឺនរៀល៕