ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានននគរបាលខេត្ត ធ្វើការចុះពិនិត្យទីតាំង លួចលាក់លេងល្បែងស៉ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅចំណុចហាងកាហ្វេ ស្ថិតនៅផ្លូវលេខ៩ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយទទួលបានពីការចុះផ្សាយព័ត៌មាន របស់សារព័ត៌មាន មួយ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ។
ក្រោយកម្លាំងជំនាញចុះទៅដល់ ជាក់ស្តែងជាកន្លែងលក់ឆ្តោតឡូតូ ដែលមានអាជ្ញាបណ្ណស្របច្បាប់ ពុំមានមនុស្សប្រមូលផ្តុំគ្នាលេងល្បែងស៉ីសងជល់មាន់តាមអនឡាញ ដូចការចុះផ្សាយនោះឡើយ។
ស្នងការដ្ឋាននគរបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះបណ្ដាអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook តែងសហការ ក្នុងការផ្តល់ព័ត៌មានដល់កងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការចុះបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលកើតមានក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក៏ដូចការចូលរួមកិច្ចសហប្រតិបត្តិការភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕