តវ៉ាបិទផ្លូវសាធារណៈ! រដ្ឋបាលរាជធានីភ្នំពេញ សូមសម្ដែងការសោកស្តាយ យ៉ាងពន់ពេក ចំពោះអ្នកបានទិញ អចលនទ្រព្យជាមួយ ម្ចាស់បុរី វីអាយភី ជឿតាមការញុះញង់របស់អ្នកទិញដូចគ្នា…!
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨ និង៣០នាទីព្រឹក មានការប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវ សាធារណៈដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក លេខ ២១៧ ត្រង់ចំណុចមុខបុរី វីអាយភី ស្ថិតនៅ ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្តុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរី វីអាយភី ប្រមាណ ១០០នាក់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានសំណូមពរឱ្យពួក គាត់បើកផ្លូវសាធារណៈឡើងវិញ ក៏ពួកគាត់មិនស្ដាប់តាមការអង្វរករ ហើយបន្តធ្វើសកម្មភាពបិទផ្លូវ រហូតដល់ម៉ោង២ និង២០នាទីរសៀល។
រដ្ឋបាលរាជធានីភ្នំពេញ សូមសម្ដែងការសោកស្តាយ យ៉ាងពន់ពេក ចំពោះអ្នកបានទិញ អចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី ជឿតាមការញុះញង់របស់អ្នកទិញដូចគ្នាឱ្យធ្វើសកម្មភាពមិនគួរ គប្បីតវ៉ាបិទផ្លូវសាធារណៈដែលជាទង្វើយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង ដើម្បីធ្វើការដោះស្រាយ វិវាទរបស់ខ្លួន នាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការគូសបញ្ជាក់សារជាថ្មីថា ករណីវិវាទនេះជាវិវាទការអនុវត្ត កិច្ចសន្យាដែលមានការឯកភាពរវាងភាគីទាំងពីរ (អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណី ស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ស្ថាប័នតុលាការ និងមានភាពស្មុគស្មាញចាក់ស្រេះដោយមាន ការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត។ ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការជាច្រើនលើកច្រើនសារ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់មានការអញ្ជើញគ្រប់ភាគីពាក់ព័ន្ធវិវាទទាំងអស់មកធ្វើការ ដោះស្រាយបន្តទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ព្រមទាំងបាន ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្តីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនៅថ្ងៃដដែលនោះ ផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំខាងលើ បើទោះជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្ម័គ្រចិត្ត ប្រគល់សិទ្ធិជាផ្លូវការជូនរដ្ឋបាលរាជធានីភ្នំពេញធ្វើការសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មកដល់ពេលនេះភាគីមួយចំនួននៅពុំទាន់ប្រគល់ឯកសារប្រគល់សិទ្ធិមក រដ្ឋបាលរាជធានីភ្នំពេញនៅឡើយ។
បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងបន្តខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការ សម្របសម្រួលតាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅស្វែងរកច្រកចេញដែលអាចទទួល យកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់យ៉ាងណាក្តី ក៏មានបុគ្គលមួយចំនួននៅក្នុងវិវាទនេះ បានញុះញង់ ឱ្យអ្នកមានវិវាទដូចគ្នាដទៃទៀត ធ្វើសកម្មភាព និងអាកប្បកិរិយាពុំគួរគប្បី ដោយធ្វើសកម្មភាពអុកឡុក យកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង នាំឱ្យមានការថ្នាំងថ្នាក់មិនសប្បាយចិត្តពីសំណាក់សាធារណជន ទូទៅ ដែលកន្លងមកសាធារណជនតែងតែមានការអាណិតអាសូរ និងសំណូមពរអាជ្ញាធរជួយធ្វើការ សម្របសម្រួលដោះស្រាយដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ។ សកម្មភាពខុសច្បាប់បិទផ្លូវសាធារណៈ ព្រឹកមិញនេះ បានធ្វើឱ្យ សាធារណជន មានការខកចិត្ត ស្រងាកចិត្ត ដោយបានប្រែក្លាយពីសមានចិត្ត អាណិតអាសូរ ឈឺឆ្អាល មកខឹងសម្បា អាក់អន់ស្រពន់ចិត្តចំពោះការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ពួកគាត់ក្នុងការធ្វើដំណើរ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងខិតខំជ្រោមជ្រែង ជួយដោះស្រាយកន្លងមក ក៏មានការលំបាកក្នុងការបន្តដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះទៀតផងដែរ ដោយសារបងប្អូនមិនទទួលយកសំណូមពរពីអាជ្ញាធរសោះឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពតាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមខ្លឹមសារ កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឬយន្តការច្បាប់នានា ចៀសវាងការធ្វើសកម្មភាពខុស ច្បាប់នានា ដូចករណីបិទផ្លូវសាធារណៈនៅថ្ងៃនេះ ហើយសូមអំពាវនាវនៅពេលខាងមុខកុំឱ្យយក ផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទរបស់ខ្លួន បែរជាធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ។ ក្នុងករណីនៅតែមានការបិទផ្លូវសាធារណៈសារជាថ្មីទៀត ប្រសិនបើមាន សំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែលរងព្យសនកម្មពីសកម្មភាពបិទផ្លូវសាធារណៈ អាជ្ញាធរមាន សមត្ថកិច្ចនឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។