ភ្នំពេញ៖ អគ្គិភ័យឆេះ ឃ្លាំងស្ដុកគ្រឿងបន្លាស់ រថយន្ដ មួយកន្លែង បានកើតឡើងនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី (1028) ក្រុមទី២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ដោយប្រើប្រាស់ពេលអស់ជាង៥ម៉ោង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងឃ្លាំងស្ដុកគ្រឿងបន្លាស់រថយន្ដនេះ មានម្ចាស់ឈ្មោះ គីម ហួត អាយុ៤២ឆ្នាំ។ ប្រភេទសំណង់ឃ្លាំងថ្មបេតុងប្រក់ស័ង្កសី ទំហំ១៦ម៉ែត្រ គុណ២០ម៉ែត្រ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្ដទៀតថា ក្រៅពីឆេះឃ្លាំងអគ្គិភ័យនេះ ក៏បានឆេះរថយន្ត Camery បាឡែន ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AE-5389 ចំនួន១គ្រឿង រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែមិនបណ្ដាលឲ្យឆេះរាលដាលដល់អ្នលក្បែរខាងឡើយ។
ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន២៥គ្រឿង ប្រើប្រាស់ទឹកអស់១៥០ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងរកោះពេជ្រ ចំនួន៤គ្រឿង ប្រើប្រាស់ចំនួន១៦ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង ប្រើប្រាស់ចំនួន២០ឡាន, រថយន្តកងពលតូចលេខ៧០ ចំនួន ៣គ្រឿង ប្រើប្រាស់ចំនួន៩ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន។
គួរជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អគ្គិភ័យកើតឡើងនៅរាជធានីភ្នំពេញ ស្ទើររាល់ថ្ងៃ ដោយសារតែឆ្លងចរន្ដអគ្គិសនី និងម្យ៉ាងដោយសារបច្ចុប្បន្ននេះជារដូវក្ដៅ។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានអំពាវនាវ និងក្រើនរំលឹកយ៉ាងទទូច ដល់ប្រជាពលរដ្ឋម្ចាស់លំនៅឋាន ឬទីតាំងផ្សេងៗ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត និងត្រូវម្ចាស់ការនៅពេលមានហេតុការណ៍កើតឡើងភ្លាម ដោយត្រូវមានបំពង់ពន្លត់ក្នុងផ្ទះ ឬប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដែលអាចអន្ដរាគមន៍បានទាន់ពេលកុំឲ្យរីករាលដាល៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ














