បុរសជើងខ្លាំង ចូលបាញ់គេដល់ក្នុងផ្ទះ..ដើរអួតក្អេងក្អាងថា សមត្ថកិច្ចណា ហ៊ានចាប់អញ! ស្នងការខេត្តព្រៃវែង សហការ តាមចាប់ដល់ប្រទេសវៀតណាម!

ខេត្តព្រៃវែង៖ សមត្ថកិច្ច បញ្ជាក់ប្រាប់ថា កាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០២:៣០ នាទីយប់ បុគ្គលឈ្មោះ បូ សារ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានប្រជាជន ប្តឹងថា បានប្រើប្រាស់កាំភ្លើងខ្លី បាញ់២គ្រាប់ ធ្លាយជញ្ជាំងផ្ទះ របស់ ឈ្មោះ ឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាជនភ្លាមនៅយប់រម្លងអាធ្រាត្រថ្ងៃដដែល មន្ត្រីនគរបាលមូលដ្ឋាន បានចុះទៅស្រាវជ្រាវ រកជនសង្ស័យខាងលើដែរប៉ុន្តែមិនឃើញ។ និងបានស្រង់កំណត់ហេតុពីប្រជាជន បំពេញសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញរួចរាល់ដើម្បីសុំដីកាចាប់ខ្លួន ។ បន្ទាប់ពីទទួលបានសំណុំរឿង តុលាការបានចេញដីកាកោះចំនួនពីរលើក និងដីការបង្គាប់ឲ្យចូលខ្លួនចំនួនមួយលើក ប៉ុន្តែបុគ្គលនេះ មិនព្រមអនុវត្តតាម រហូតដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលដីកា ពីចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលរូបនេះឲ្យខានតែបាន ។

យោងតាមដីកាលេខ ៧២ ចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ របស់លោក ហួត ហ៊ាង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ បូ សារ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ដោយត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ ប៉ុនប៉ងឃាតកម្ម, រំលោភលើលំនៅដ្ឋាន, និងកាន់កាប់ប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ។

ដើម្បីអនុវត្តតាមដីកានេះ នៅថ្ងៃដដែលក្រុមនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបេសកកម្មទៅដល់មូលដ្ឋានខាងលើភ្លាម ប៉ុន្តែឈ្មោះ បូ សារ៉ាន បានដឹងខ្លួន និងលួចរត់គេចខ្លួន ចូលទៅប្រទេសវៀតណាម ។

ពេលដឹងថា ជនសង្ស័យបានរត់គេចខ្លួនភ្លាម កម្លាំងសមត្ថកិច្ចកម្ពុជា បានទំនាក់ទំនងទៅកាន់ខាងភាគីវៀតណាម ដោយបានផ្ញើររូបភាពរបស់ជនសង្ស័យ រួមនឹងយានជំនិះ តាមរយៈប្រព័ន្ធអនឡាញបណ្តាញសង្គមតេឡេក្រាម សំដៅឲ្យអាជ្ញាធរវៀតណាមងាយស្រួលកំណត់មុខសញ្ញា ។

បន្ទាប់ពីទទួលបានរូបភាពពីនគរបាលកម្ពុជាភ្លាម ខាងភាគីវៀតណាម បានកំណត់មុខសញ្ញា ដោយចាប់ ឃាត់ខ្លួនឈ្មោះ បូ សារ៉ាន និងឆែកខ្លួនរកឃើញមានថ្នាំញៀន ហើយបច្ចុប្បន្ន ដោយមាន ការសហការ ពីនគរបាលខេត្តព្រៃវែង ជាមួយនិងប៉ូលិសខេត្ត ដុងថាច់ ប្រទេសវៀតណាម ពិសេសក្រោមការ សម្រប សម្រួលពីស្ថានតំណាង នៃក្រសួងនគរបាលវៀតណា មនៅក្នុងប្រទេសកម្ពុជា ។ ខាងភាគីវៀតណាម បានបញ្ជូន ជនសង្ស័យរូបនេះ ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជារួចរាល់ ខណៈសមត្ថកិច្ចកម្ពុជា កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ។

សូមជម្រាបថា ករណីដែលបុគ្គលរូបនេះប្រព្រឹត្តិ កំពុងត្រូវបានមហាជននៅតាម បណ្តាសង្គម ហ្វេសប៊ុក មានការផ្ទុះចែករំលែកបន្តគ្នាយ៉ាងច្រើន តួយ៉ាងបើតាមគេហទំព័រសារព័ត៌មាន KFN Hot News បា នបង្ហោះកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “ជើងខ្លាំងរបស់គេមែន! លោក បូ សារ៉ាន ហៅប្រុស ចូលបាញ់គេដល់ក្នុងផ្ទះ… សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបានផង ឥឡូវចូលស្រុកដើរអួតក្អេងក្អាងថា សមត្ថកិច្ចណា ហ៊ានចាប់អញ! ។ ចាំមើលថា តើអធិការស្រុកពាមជរ ហ៊ានចាប់ខ្លួនជើងខ្លាំងម្នាក់នេះ ដែរឬទេ? ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close