គប់កញ្ចក់ឡានទៀតហើយ លើកនេះ មិនមែននៅ តាកែវទេ..! ស្នងការ ទើបប្រកាសថ្មីៗ កុំសង្ឃឹមរួចខ្លួន ពៅមាស..!

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានទទួលព័ត៌មានបឋម ពីគណនី Facebook ឈ្មោះ Sona.sim ដោយបង្ហោះសារថា នៅចំណុចខាងកើតផ្សារ កអណ្ដើក មានក្រុមក្មេងស្ទាវ គប់កញ្ចក់រថយន្តនៅវេលាយប់ម៉ោងប្រហែល ៩:៣៥ នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។

អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាចាត់តាំង លោកវរសេនីយ៍ទោ ឡុង សុផាត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចេញបេសកកម្មដឹកនាំកម្លាំងជំនាញចុះមកសហការជាមួយលោកអធិការ អធិការរងជំនាញព្រហ្មទណ្ឌ នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ ស្រាវជ្រាវដល់កន្លែងកើតហេតុ ទទួលបានលទ្ធផលដូចខាងក្រោម៖

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ២១:៣៥នាទីយប់ មានរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ផ្លាកលេខ ស្វ-រ 3A-3097 បើកបរដោយឈ្មោះ ស៊ឹម សូណា ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរខេត្តកំពង់ចាម បើកបរមកពីទិសខាងកើត ។ លុះមកដល់ចំណុចគីឡូម៉ែត្រលេខ ៩៨ ក្នុងភូមិផ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក៏បានឃើញក្រុមជនមិនស្គាល់ឈ្មោះចំនួន ៣នាក់ ជិះម៉ូតូមួយគ្រឿង (មិនស្គាល់ម៉ាក) បញ្ច្រាសគ្នាមកពីទិសខាងលិច ហើយក៏បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្ត បណ្ដាលឱ្យប្រេះស្រាំកញ្ចក់រថយន្តផ្នែកខាងមុខ ។

តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ក្រុមមន្ត្រីជំនាញបានកំណត់មុខសញ្ញាសង្ស័យចំនួន ៣នាក់ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យដូចខាងក្រោម៖

១. ឈ្មោះ ថៃ មេសា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ២. ឈ្មោះ វ៉ា ស៊ីថេត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ៣. ឈ្មោះ ឆោម សុភីត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃតាណេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យទាំងបីបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តកុងតឺន័រ នៅចំណុចខាងលើពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះ ថៃ មេសា ជាអ្នកឌុប ហើយឈ្មោះ វ៉ា ស៊ីថេត ជិះកណ្តាល គឺជាអ្នកគប់ និងឈ្មោះ ឆោម សុភីត ជិះពីក្រោយ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីក៏សាងសំណុំរឿងតាមនិតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close