ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបថា៖ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម ទាក់ទងទៅនឹងក្រុមម៉ូតូផាស់អាប់ ( Passapp ) ដែលបំពាក់អំពូលភ្លើងនិងសុីផ្លេ ខុសបច្ចេកទេស ហើយបើកបរយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវ។
នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣
អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការឃាត់ម៉ូតូកង់បី PASS APP កែច្នៃខុសលក្ខណៈបច្ចេកទេសមួយគ្រឿងម៉ាក BAJAJ ពណ៌លឿង ពាក់ផ្លាកលេខព្រះសីហនុ1H-6593 បើកបរដោយឈ្មោះ ស៊. គ.ស ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ក្នុងដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមចម្លើយរបស់អ្នកបើកបរ គឺផាសអាប់នេះគឺគាត់ទិញមក គេតុបតែងដូចនេះតែម្តង ប៉ុន្តែគាត់សុខចិត្តសហការជាមួយកម្លាំងសម្ថតកិច្ចដើម្បីដោះភ្លើង សុីផ្លេដែលតុបតែងនេះចេញឱ្យត្រូវលក្ខណៈបច្ចេកទេសដើមវិញ។
កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈក្រុងតាខ្មៅ បានធ្វើកិច្ចសន្យាអប់រំណែនាំ គាត់កុំឱ្យតុបតែភ្លើង និង សុីផ្លេខុសបច្ចេសដូចនេះទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងសូមផ្តាំទៅបងប្អូនប្រជាពលរដ្ឋដែលប្រកបរបររត់ផាស់អាប់ (កង់បីឥណ្ឌា) សូមបញ្ឈប់ជាបន្ទាន់នូវការតុបតែងដែលមានលក្ខណៈខុសបច្ចេកទេ៕