ប្រជាពលរដ្ឋ រងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ២១គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា …

ភ្នំពេញ៖ ឆ្លើយតបទៅនឹងករណីភ្លើងឆេះផ្ទះកាលពីវេលាម៉ោង ៦និង៣០នាទីយប់ម្សិលម៉ិញនេះ នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២១គ្រួសារ (ស្មើនឹង ៧ខ្នងផ្ទះ​ មាន៣១បន្ទប់) ក្នុងនោះអ្នករងគ្រោះធ្ងន់ធ្ងរ​មាន​ ៥គ្រួសារ,​ អ្នករងគ្រោះស្រាល​មាន​ ២គ្រួសារ​ និងអ្នកស្នាក់នៅបន្ទប់ជួលមាន​ ១៤គ្រួសារ ដែលស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ ដែលឧបទ្ទវហេតុភ្លើងឆេះផ្ទះបានបំផ្លាញទីជម្រកនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ។

លោកជំទាវ​ បានបន្តថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែង​ ហេីយតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទចុះភ្លាមៗឱ្យបានទាន់ពេលវេលា​។ ថ្វីបេីអំណោយទាំងនេះពុំអាចស្មើទៅនឹងទំហំ នៃការខូចខាតទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆេះក៏ពិតមែន ក៏ប៉ុន្តែបានចូលរួមរំលែកនូវទុក្ខលំបាកដែលបងប្អូនទាំង២១គ្រួសារនេះ​ កំពុងជួបប្រទះបានមួយគ្រាផងដែរ។»

លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឱ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គិភ័យនេះ វាធ្វើឱ្យគ្រួសារយើងវិនាសទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា។ ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញើលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំង ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ​ ព្រោះថាយេីងនៅមានឱកាសជាច្រេីនដោយសារតែយេីងកំពុងរស់នៅក្នុងសុខសន្តិភាព​ ហើយត្រូវរក្សាអនាម័យក្នុងការរស់នៅ ជៀសវាងកើតមានជំងឺផ្សេងៗ។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ការរស់នៅក្នុងស្ថានភាពលំបាកនេះដែរ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះទាំង ២១គ្រួសារ ទទួលបាន ៖ អង្ករ ៨០គីឡូក្រាម, មីជាតិ ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, សាប៊ូដុសខ្លួន ២ដប និងតង់ ១ផ្ទាំង។ ចំពោះអ្នករងគ្រោះធ្ងន់ធ្ងរ ៥គ្រួសារ ទទួលបានថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល។ អ្នករងគ្រោះស្រាល ២គ្រួសារ​ ទទួលបានថវិកាបន្ថែមចំនួន ៣០ម៉ឺនរៀល។ អ្នកជួលផ្ទះ ១៤គ្រួសារ ទទួលបានថវិកាបន្ថែម ២០ម៉ឺនរៀល។

គួររំឭកថាកាលពីវេលាម៉ោង ៦:៣០នាទី នាព្រលប់ថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ រាលដាលតៗគ្នាអស់ផ្ទះចំនួន៧ខ្នង មាន៣១បន្ទប់​ បណ្តាលឱ្យទ្រព្យសម្បត្តិផ្ទះសម្បែងក្លាយជាចំណីព្រះអគ្គីទាំងស្រុងតែមួយពព្រិចភ្នែក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close