ភ្នំពេញ៖ ស្ត្រីម្នាក់អះអាងថាជាបងបង្កើតជនរងគ្រោះឈ្មោះ ប្រាក់ សុភ័ក្ត្រា អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិស្រែញរ៍ សង្កាត់ពងទឹក មានស្រុកកំណើតសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបាន ជនមិនស្គាល់មុខ ចំនួន៥ម៉ូតជិះដេញតាមនិងយកដុំថ្មគប់បណ្តាលអោយរងរបួសធ្ងន់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនោះស្ថិតនៅចំណុចស្តុបវត្តស្លែងផ្លូវជាតិលេខ៣សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មកទល់ថ្ងៃទី១៥ ខែមិនាឆ្នាំ២០២៣នេះសមត្ថកិច្ចមិនទាន់វែកមុខចាប់ជនបង្កបាននៅឡើយទេ។
ស្ត្រីខាងលើ បានរៀបរាប់ដំណើររឿង នៅមុនកើតហេតុអោយដឹងថា «ពួកអាបាតសង្គមគប់ប្អូនខ្ញុំនៅថ្ងៃទី២៥ខែកុម្ភៈប៉ុន្តែរកភស្តុតាង ចាប់អត់បាន អត់ដែលស្គាល់ទេ ប្អូនខ្ញុំជូនមិត្តភក្ដិទៅផ្ទះ ពេលត្រឡប់មកវិញមានម៉ូតូជិះដេញពីក្រោយ ដំបូងស្មានតែអ្នកដំណើរជិះតាមផ្លូវធម្មតាដូចគ្នាប្អូនខ្ញុំក៏មិនបានចាប់អារម្មណ៍ ដល់ចំណុចផ្លូវស្ងាត់ពួកវាបិទភ្លើង៣ម៉ូតូ បើកភ្លើង២ម៉ូតូគ្នាវាទាំងអស់ ទើបដឹងថាគេដេញតាមពីក្រោយមករហូត ជិះលឿនគេចពួកវាតែមកដល់ចំណុចផ្លូវបត់ចូលផ្ទះក៏បង្អង់ល្បឿន ពួកវាតាមទាន់ គប់ដុំថ្មត្រូវក្បាលធ្ងន់ធ្ងរ ហើយពួកនោះក៏ជិះទៅបាត់អស់ទៅ»។
ស្ត្រីខាងលើ បានអោយដឹងទៀតថា ជនរងគ្រោះទើបចេញពីមន្ទីរពេទ្យប្រហែល២សប្តាហ៍នេះទេ និងទទូចស្នើ សុំសមត្ថកិច្ច ជួយពន្លឿនការស្រាវជ្រាវ រកយុត្តិធម៌ ចាប់ជនបង្ក មកផ្តន្ទាទោសតាមផ្លូវច្បាប់ ជូនចំពោះប្អូនរបស់គាត់ផង។
ជុំវិញការណីខាងលើ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ អង្គភាព សារព័ត៌មាន យើងតាមតេឡេក្រាម នាល្ងាចថ្ងៃទី១៥ មីនា ២០២៣ ថា ៖ ខ្ញុំនឹងខំប្រឹងប្រែង សំខាន់អោយតែជនរងគ្រោះ ប្រាប់ពីព័ត៌មាន លម្អិត ច្បាស់លាស់ យើងអាចស្រាវជ្រាវបានហើយ។
ដោយ ៖ វណ្ណា