កិច្ចប្រជុំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដែលកំពុងដំណើរការប្រមូលចំណូល ចំនួន១២ និងបេក្ខភាពគ្រឹះស្ថានថ្មីចំនួន១១ ផ្សេងទៀត ក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើង និងផ្តល់ជម្រើសកាន់តែសំបូរបែប ដល់បងប្អូនប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន

ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផ្លូវល្បឿន និងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារចំនួន ២៣ស្ថាប័ន ដោយមានការចូលរួមពីថ្នាក់នាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងចំណោម ២៣គ្រឹះស្ថាននោះមាន៖

– ០៧គ្រឹះស្ថាន អាចបង់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿន រួមមាន ធនាគារ ACLEDA, CHIPMONG, ABA, WING, VATTANAC, CANADIA, និង LYHOUR។

– ១២គ្រឹះស្ថាន អាចបង់កម្រៃសេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន ០៧គ្រឹះស្ថានខាងលើ និងធនាគារ CAMPU, SATHAPANA, PIPAY, PRINCE និង FTB។

– ដោយឡែក ១១គ្រឹះស្ថាន ផ្សេងទៀតគឺជាគ្រឹះស្ថាន ដែលមានបំណងចូលរួមបម្រើសេវាសាធារណៈ និងសេវាពាក់ព័ន្ធក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ហើយកំពុងក្នុងដំណើរការនីតិវិធីឯកសារ និងបច្ចេកទេស ដែលក្នុងនោះមានទាំង គ្រឹះស្ថាន VISA និង MASTER ផងដែរ។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែមានភាពប្រសើរឡើង នូវ នីតិវិធីក្នុងការប្រមូល និងបង្វែរចំណូលសេវាសាធារណៈ និងកម្រៃពាក់ព័ន្ធ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ចំនួន១២ ដែលកំពុងដំណើរការ ជាមួយក្រសួង និងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ កិច្ចប្រជុំក៏មានការពិភាក្សាដាច់ដោយឡែក ដើម្បីពន្យល់ពីវិធីក្នុងការស្នើសុំចូលរួមប្រមូលចំណូល អនុលោមតាមបែបបទ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការចូលរួមពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿនតាមជម្រើសគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារណាមួយ ដែលបងប្អូនប្រជាពលរដ្ឋមានគណនីជាមួយ។

តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគ្រប់គ្រង និងផ្ទៀងផ្ទាត់កម្រៃសេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងជួយសម្រួលដល់គ្រប់អង្គភាពពាក់ព័ន្ធជាមួយសុក្រឹតភាពរបាយការណ៍ និងពន្លឿនការផ្តល់សេវាឱ្យកាន់តែរហ័សជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close