រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមសម្តែងការសោកស្តាយ នូវឧបទ្ទវេហតុអគ្គិភ័យឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប
ខេត្តសៀមរាប៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រទូទាំងខេត្តសៀមរាប ពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយមានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ ព្រះរាជដំណាក់ តូច នៃព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២:០៥នាទីយប់។ ជាមួយនឹងការឆាបឆេះព្រះរាជដំណាក់តូចនេះ អាជ្ញាធរ និងសមត្ថកិច្ចបានសហការជាមួយមន្ត្រីគ្រប់គ្រងព្រះរាជដំណាក់បានអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៣៥រថយន្ត ហើយនៅវេលាម៉ោង ១២ រំលងអាធ្រាត្រ ឈានចូលដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ទើបពន្លត់អគ្គិភ័យបានទាំងស្រុង។ ជាមួយនឹងការឆាបឆេះព្រះរាជដំណាក់តូចនេះ អាជ្ញាធរ និងសមត្ថកិច្ចបានសហការជាមួយមន្ត្រីគ្រប់គ្រងព្រះរាជដំណាក់បានអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៣៥រថយន្ត ហើយនៅវេលាម៉ោង ១២ រំលងអាធ្រាត្រ ឈានចូលដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ទើបពន្លត់អគ្គិភ័យបានទាំងស្រុង។
ទូលព្រះបង្គំយើងខ្ញុំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រទូទាំងខេត្តសៀមរាប សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតា ថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រំសព្វសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។
ឆ្លៀតឱកាសនេះដែរ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់គ្រង ព្រះរាជដំណាក់ អាជ្ញាធរ និងសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានសហការ និងខិតខំប្រឹងប្រែង អស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕












