ស្នងការខេត្តព្រៃវែង ថ្មីសន្យា ប្តេជ្ញាចិត្តការពារជាដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ត្រ

ព្រៃវែង៖ «ការសន្យា និងប្តេជ្ញាចិត្តការពារជាដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ត្រ និងប្តេជ្ញា គោរពយ៉ាងខ្ជាប់ខ្ជួនតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល»។ 

នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក្នុងឱកាសឡើងកាន់តំណែងជាស្នងការ នគរបាលខេត្តព្រៃវងថ្មីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្ដម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្ដេជ្ញាតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដោយខិតខំយកអស់កម្លាំងកាយចិត្ត គំនិត ប្រាជ្ញា និងបទពិសោធន៍នានា មកបម្រើប្រជាពលរដ្ឋ និងមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់ពួកគាត់ឡើយ។ 

លោកស្នងការ ប្ដេជ្ញាគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់បទបញ្ញត្តិ បទបញ្ជា និងគោលការណ៍ចង្អុលដឹកនាំ របស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់។

ជាមួយគ្នានោះ លោកស្នងការ ថ្មី នឹងខិតខំជំរុញការលើកកម្ពស់គុណភាព សមត្ថភាពមន្ត្រី ឲ្យអនុវត្តការងារប្រកបដោយគុណធម៌ សីលធម៌ មានវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កងកម្លាំង នគរបាលជាតិ បង្កើនការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកងកម្លាំងនគរបាលជាតិ ក៏ដូចជានយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ ដោយលោកនឹងខិតខំបង្កើនចំណងសាមគ្គីភាពទាំងផ្ទៃក្នុងស្នងការដ្ឋាន ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត ពិសេសខិតខំ ជំរុញចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋានខេត្តព្រៃវែង ឲ្យនៅកម្រិតអប្បបរមា ជាពិសេសលោកនឹងខិតខំអប់រំ ណែនាំដល់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កែប្រែ ឥរិយាបទដែលធ្លាប់មានការខុសឆ្គងឲ្យក្លាយជានគរបាលដែលមានសីលធម៌ សុជីវធម៌ វិជ្ជាជីវៈ ទទួលបានការ ស្រលាញ់ ការជឿជាក់ពីប្រជាពលរដ្ឋទូទៅ ជាពិសេសបង្កើតឲ្យបាននូវបរិយាកាស ល្អប្រសើរសម្រាប់ព្រឹត្តិការណ៍នយោបាយជាតិ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ។

លើសពីនោះ ទៀត លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងខិតខំកៀរគរ ចលនាពីគ្រប់មជ្ឈដ្ឋាន ដើម្បីកសាងអង្គភាពឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ស័ក្តិសម

ជាបង្អែកដ៏រឹងមាំសម្រាប់ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន និងសេនាធិការដ្ឋាន ដែលតែងតែអប់រំណែនាំ បណ្ដុះបណ្ដាល តម្រង់ទិស ចែករំលែកបទពិសោធល្អៗ និងគាំទ្រដល់រូបលោកនាពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសំណូមពរពីរចំណុចដល់គណៈបញ្ជាការឯកភាពខេត្តព្រៃវែង ដូចជា៖

*ទី១៖ ប្រធានគណៈបញ្ជាការឯកភាពយកចិត្តទុកដាក់បន្ថែមទៀត បន្ដប្រជុំពង្រឹងគណៈបញ្ជាការឯកភាព ដើម្បីត្រួតពិនិត្យអំពីស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងកង្វល់របស់ប្រជាពលរដ្ឋ។

*ទី២៖ ផ្ដោតសំខាន់អាទិភាពកិច្ចការគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។

ដោយឡែក សម្រាប់ស្នងការនគរបាលខេត្តព្រៃវែង ដែលទើបឡើងកាន់តំណែង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ ពង្រឹងតួនាទីដឹកនាំ៖ ត្រូវទទួលខុសត្រូវលើការដឹកនាំបញ្ជា ដោយត្រូវប្រកាន់ខ្ជាប់នូវគំរូ វីរភាព ការដឹកនាំ ហើយត្រូវបណ្ដុះមនោសញ្ចេតនាជាមួយកងកម្លាំងថ្នាក់ក្រោម
*ទី២៖ ស្នងការត្រូវបំពេញតួនាទីជាសេនាធិការគ្រប់វិស័យជូនគណៈបញ្ជាការឯកភាពខេត្ត ដោយសហការជាមួយអាវុធហត្ថ និងប្រតិបត្តិការសឹករងខេត្ត
*ទី៣៖ ពង្រឹងអធិការស្រុក ក្រុងឱ្យរឹងមាំ ដើម្បីជាបង្អែកឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាល សំដៅឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលជានគរបាលសហគមន៍
*ទី៤៖ ពង្រឹងគុណភាព សមត្ថភាពកងកម្លាំង តែមិនត្រូវភ្លេចគុណធម៌ វិន័យ ពាក្យសម្ដី។ ទី១៖ ពង្រឹងសមត្ថភាពមន្ដ្រី និងទី២៖ កម្លាំងសមត្ថកិច្ចដែលនៅតាមដងផ្លូវ នគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់ ដោយត្រូវប្រើប្រាស់សម្ដី អាប្បកិរិយាឱ្យបានត្រឹមត្រូវ
*ទី៥៖ ពង្រឹងកត្ដាជោគជ័យ ពោល សាមគ្គីភាពថ្នាក់ដឹកនាំ សាមគ្គីភាពកងកម្លាំង សាមគ្គីភាពអង្គភាពមន្ទីរពាក់ព័ន្ធ ត្រូវលុបបំបាត់ជំងឺតួឯក ទើបទទួលបានជោគជ័យ
*ទី៦៖ ប្រគល់ភារកិច្ចជូនអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ដើម្បីដឹកនាំផ្ទាល់ ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអ្នកគាំពារ សំដៅពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តព្រៃវែងទាំងមូល។

ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានឧបត្ថម្ភនូវថវិកាជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន៥លានរៀល, បញ្ជាការដ្ឋានកងអាវុធហត្ថខេត្ត ចំនួន៣លានរៀល, តំបន់ប្រតិបត្តិការសឹងរងខេត្ត ចំនួន៣លានរៀល និងនាយប៉ុស្ដិ៍នគរបាលម្នាក់ៗ ៥ម៉ឺនរៀល៕

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close