ស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិ
កណ្ដាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីមានចីរភាពនាពេលអនាគត» ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ,លោកស្រីរ៉េត ផល្លីដា ជាឧត្តមភរិយា និងស្នងការរងទាំងអស់ ព្រមទាំងស្ត្រីជានគរបាលជាង២០០នាក់ផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។
លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ ជាមួយនឹងការទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទីផងដែរ។
លោកបន្តថា «ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ពិសេសមិនត្រឹមតែបំពេញការងារស្នូលប៉ុណ្ណោះទេ ការងារលំបាកទៀតនោះគឺការងារផ្ទះ កុំថាការងារផ្ទះនេះស្រួលឲ្យសោះ គឺលំបាកណាស់ រវីរវល់ វីវក់ពេញផ្ទះ ណាមួយបាយម្ហូបប្ដីកូន ស្លៀកពាក់កូនៗ ជូនកូនទៅរៀន ការងារផ្ទះសព្វគ្រប់បែបយ៉ាង ដែលនេះពិតជាគួរឲ្យកោតសរសើរបំផុតចំពោះការលះបង់របស់ឧត្តមភរិយាជានគរបាលគ្រប់រូបដែលបានលះបង់ ទាំងក្នុងកិច្ចការងារជាតិ និងការងារផ្ទាល់ខ្លួន ។
លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។ ជាមួយគ្នានោះ លោកស្នងការក៏បានផ្តល់ជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់កងកម្លាំងនគរបាលនារីផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ ហើយក៍មានគម្រោងសម្របសម្រួលក្នុងការតម្លើងមុខតំណែងដល់ស្ត្រីជានគរបាលដែលមានស្នាដៃនិងមានសមត្ថភាពផងដែរ ៕













