ក្រុមធាក់ប្លន់ម៉ូតូ និងមុខសញ្ញាធ្លាប់គប់កញ្ចក់រថយន្ត លើដងផ្លូវជាតិ១ ត្រូវកងរាជអាវុធហត្ថខេត្តកណ្តាលបង្ក្រាបបានហើយ!

ខេត្តកណ្តាល៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមអនុសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្មជាដើម ។ល។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងមានការចុះដឹកនាំផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន ទទួលការងារជំនាញខេត្ត ព្រមទាំងសហការីនិងស្រុកពាកព័ន្ធ បានចុះស្រាវជ្រាវរុករកឃាត់ខ្លួនមុខសញ្ញា ធាក់ កាប់ វាយ ប្លន់ម៉ូតូ និងគប់កញ្ចក់រថយន្ត លើដងផ្លូវជាតិក្នុងភូមិសាស្រ្តខេត្តកណ្តាលកន្លងមក។

ជាក់ស្តែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីធាក់ប្លន់ម៉ូតូ ស្កូបពី ពណ៍ស ឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AA-2878 នៅចំណុចមុខវត្តមូលីសុវណ្ណ ហៅតាមល់ ស្ថិតនៅភូមិកោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ (មិនចាំស្លាកលេខ) ជិះគ្នា ០២នាក់ ភេទ ប្រុស (មិនស្គាល់អត្តសញ្ញាណ) បានជិះទន្ទឹមហើយធាក់ដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចយកដំបងមកដេញ វាយជនរងគ្រោះ តែវាយមិនត្រូវ។ ហើយពួកវាជិះគេចខ្លួនសំដៅទៅភ្នំពេញ ដោយមានម៉ូតូបិតគូថពីក្រោយបួន ប្រាំគ្រឿងទៀតផង។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយតែម្តង។

ប្រតិបត្តិការនេះទទួលបានជោគជយ័ ដោយមានការសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល គួបផ្សំឆន្ទះ តស៊ូ ព្យាយាម សាមគ្គី ដោយមានភាពទទួលខុសត្រូវខ្ពស់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ជាបន្តបន្ទាប់ :

១-ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ឃាត់ខ្លួនឈ្មោះ វល័ក្ខ ហៅទីន ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (លទ្ធផលធ្វើតេស្តរកសារធាតុញៀន វិជ្ជមាន)។ បន្ទាប់ពីទទួលបានឆ្លើយសារភាពសព្វគ្រប់ ពីជនសង្សយ័ឈ្មោះ វលក្ខ័ ហើយជំនាញបានធ្វើការស្រាវជ្រាវតាមបច្ចេកទេស បទពិសោធន៏ និង

ស្វែងរកមុខសញ្ញាពាក់ពន្ធ័បន្តទៀត រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត។

២- នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ឃាត់ខ្លួនឈ្មោះ ដាវីន ហៅ (៣២ ) ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (លទ្ធផលធ្វើតេស្តរកសារធាតុញៀន វិជ្ជមាន) និងឈ្មោះ សារាជ្យ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទួលដូង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចរោងការ ភូមិអង្គរជយ័ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (លទ្ធផលធ្វើតេស្តរកសារធាតុញៀន វិជ្ជមាន)។

ក្នុងចំណោមជនសង្សយ័ ៣នាក់ ដែលសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកណ្តាល ឃាត់ខ្លួនបានគឺមាន ២នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន។

ទី១ ជនសង្ស័យឈ្មោះ ដាវីន ហៅ (វីន ហៅ ៣២ ) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួនពីរលើក (លើកទី១ ជាប់ពន្ធនាគារពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (គប់កញ្ចក់រថយន្តផ្លូបជាតិលេខ១) លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីឆ្នាំ២០១៩។

លើកទី២ ជាប់ពន្ធនាគារពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីឆ្នាំ២០២១)។

ទី២ ជនសង្សយ័ឈ្មោះ វលក្ខ័ មានដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ពន្ធ័ករណី ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ជនសង្ស័យទាំងបីនាក់ ត្រូវបានជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច ដោយជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់ម៉ូតូ) និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្នជំនាញកំពុងបន្តស្រាវជ្រាវរុករកជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close