ចុះពិនិត្យមើលដំណោះស្រាយប្រព័ន្ធរំដោះទឹក ដើម្បីធានាដល់ការបញ្ចៀសនូវគ្រោះមហន្តរាយជំនន់ទឹកភ្លៀងដែលបង្កហានិភ័យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ

កំពត៖ នៅថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យមើលដំណោះស្រាយប្រព័ន្ធរំដោះទឹកនៅតាមការដ្ឋានផ្លូវជាតិលេខ៤១ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងធនធាន ទឹក និងឧតុនិយម តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងខេត្តកំពត តំណាងមន្ទីរសាធារណការខេត្តកណ្ដាល និងខេត្តតាកែវ និងសមាជិកសមាជិកាក្រុមការងារគម្រោងជាច្រើនរូបផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីធានាដល់ការបញ្ចៀសនូវគ្រោះមហន្តរាយ ជាពិសេសជំនន់ទឹកភ្លៀងដែលបង្កឱ្យមានហានិភ័យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងបរិបទបម្រែបម្រួលអាកាសធាតុ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។

សូមជម្រាបជូនថា៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ត្រូវបានប្រកាសបើកការដ្ឋានកាលពីថ្ងៃទី២៦ ធ្នូ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវនេះមានប្រវែងសរុបប្រមាណ ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ដែលនឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។

ស្របជាមួយគ្នាផងដែរ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ ដោយប្រើរយៈពេលសរុបចំនួន ៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close