មហាសង្ក្រាន្តឆ្នាំថោះ បញ្ចស័ក នឹងចូលមក នៅថ្ងៃសុក្រ ម៉ោង១៦ និង០០នាទីរសៀល

គណកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ៖ មហាសង្ក្រាន្តឆ្នាំថោះ បញ្ចស័ក នឹងចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង ០០នាទីរសៀល ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៦៦ ព្រះវស្សា ត្រឹមថ្ងៃព្រហស្បតិ៍ ពេញបរិបូណ៌នៃខែពិសាខ។ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខចូលព្រះពុទ្ធសករាជ ២៥៦៧ ព្រះវស្សាតទៅ។

នឹងគណនាឆ្នាំថោះ បញ្ចស័កឥឡូវនេះសង្ក្រាន្តចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល។នោះព្រះអាទិត្យចរចេញពីមីនរាសី ទៅស្ថិតនៅមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី (បុត្រទី៦) គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត(ពណ៌ស)សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ភក្សាហារ ចេកណាំវ៉ា ឬចេកទឹក ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ(ចាបុី) គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ។ នាំអោយពួកនិករ បវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវឈ្មោះ គន្ធមាលី នាទីភ្នំកៃលាស់ ខេត្តហេមពាន្ត ដែលប្រតិស្ថានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអន្តោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះរាជហឫទ័យ ទើបនាំគ្នាចូលទៅសមាទានសីលដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គលសិរីសួស្តី ជន្មាយុយឺនយូរតរៀងទៅ។

* ថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ ពីវេលាម៉ោង ១៦:០០នាទីរសៀល ជាថ្ងៃចូលឆ្នាំ

* ថ្ងៃសៅរ៍ ១០ រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៣ជាថ្ងៃវ័នបត

*ថ្ងៃអាទិត្យ ១១រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៣ ជាថ្ងៃឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំ ថោះ បញ្ចស័ក តរៀងទៅ។

ដោយ ៖ ទទក

អត្ថបទដែលជាប់ទាក់ទង
Open

Close