អភិបាលក្រុងសិរីសោភ័ណ អោយសួរខាង មន្ទីរជំនាញ ករណី ឈ្មួញជីកកាយដី ស្ទើរដល់ក្បាលប្រេត នៅក្នុងមូលដ្ឋានរបស់ខ្លួន!

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ប្រាប់អោយដឹងថា រណ្តៅដីដ៏ធំមួយកន្លែង ដែលឈ្មួញធ្វើអាជីវកម្មជីកកាយយកដីលក់លើទំហំផ្ទៃដីប្រមាណ ៣ទៅ៤ ហិកតា ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅៗដល់ប្រជាពលរដ្ឋក្នុងភូមិ ខណៈឈ្មួញបានជីករូងចុះក្រោមជម្រៅលើសពី១០ម៉ែត្រទៅហើយ។

ពលរដ្ឋរួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដល់ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ កំពុងមានការព្រួយបារម្ភ ពីសុវត្ថភាពធ្វើដំណើរខណៈរថយន្តធំៗដឹកអាចម៍ដីលក់រាប់សិបគ្រឿង ដឹករាប់រយជើងក្នុងមួយថ្ងៃៗ ហើយបើកបរក្នុងល្បឿនលឿនៗ និងគ្មានស្លាកសញ្ញាសំគាល់ ឬបង្ហាញ និងគ្មានសន្តិសុខរៀបចំសណ្តាប់នៅផ្លូវចេញចូលឆ្លងកាត់ផ្លូវជាតិលេខ៥ ។ ពិសេសបារម្ភខ្លាចក្នុងរដូវវស្សាខាងមុខនេះ ខ្លាចមាត់រណ្តៅបាក់ស្រុតរាលដាលដល់ដីស្រែរបស់ពួកគេ និងខ្លាចគ្រោះថ្នាក់ដល់កូនចៅ និងសត្វចិញ្ចឹមរបស់ពួកគាត់។

ប្រជាពលរដ្ឋបានបន្តថា អាជ្ញាធរ និងមន្ត្រីជំនាញបណ្តែតបណ្តោយឲ្យក្រុមឈ្មួញរកស៊ីដឹកដីលក់យ៉ាងគគ្រឹកគគ្រេងអត់ខ្វល់ពីផលប៉ះពាល់អ្វីឡើយ ទោះបីរថយន្តដឹកដីមិនគ្របស្បៃ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរយ៉ាងណាក៏ដោយ។

ជាមួយគ្នានោះដែរ ពលរដ្ឋបានសំណូមពរតាមរយៈសារព័ត៌មាន សូម លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មេត្តាមានវិធានការចុះមកណែនាំការដ្ឋានជីកដីលក់ខាងលើនេះឱ្យបានឆាប់ផង កុំចាំទាល់តែមានគ្រោះថ្នាក់ទើបចុះមកណែនាំ ម្យ៉ាងវិញទៀតសូមមន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ ជាពិសេស លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មេត្តាចុះមកពិនិត្យផង តើក្រុមហ៊ុន មានច្បាប់អនុញ្ញាតិត្រឹមត្រូវដែលទេ ហើយថាតើការអនុវត្តរបស់ក្រុមឈ្មួញខាងលើនេះ អនុវត្តទៅតាមអនុលោមតាមច្បាប់ដែរទេ ខណៈដែលជីកជម្រៅលើសពី១០ម៉ែត្រ និងមានទំហំប្រហែល ៣ទៅ៤ហិកតាបែបនេះ។

ជុំវិញបញ្ហានេះ កាលពីល្ងាចថ្ងៃ៨ ខែមីនា ឆ្នាំ២០២៣ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកមិនអាចបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ មានច្បាប់ ឬគ្មានច្បាប់នោះទេ ដោយលោកប្រាប់ថាឲ្យទៅសួរខាងមន្ទីរជំនាញ ។

ដោយឡែករថយន្តដឹកខុសបច្ចេកទេស បញ្ហាប្រឈមនិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនេះ លោកនិងចាត់មន្ត្រីមកពិនិត្យមើលចំពោះរឿងនេះ ។

ដោយឡែកចំពោះ លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យវិញ ក្រុមអ្នកសារព័ត៌ បានទាក់ទងទៅតែមិនអាចទំនាក់ ទំនងដើម្បីសុំការបំភ្លឺខ្លាំងណាស់ ពាក់ព័ន្ធរឿងរណ្តៅដី ដោយទូរស័ព្ទចូលហើយគ្មានអ្នកលើក។

អង្គភាពសារព័ត៌មានយើង ស្វាគមន៍ រាល់ការបកស្រាយបំភ្លឺ រាងរាល់ម៉ោងធ្វើការ ពី អាជ្ញាធរ ឬ សាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ។

ដកស្រង់អត្ថបទ៖ ប៉ោយប៉ែត

 

អត្ថបទដែលជាប់ទាក់ទង
Open

Close