ភ្នំពេញ ៖ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ក្រោមឱវាទ ត្រូវបន្ដពង្រឹងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការ ផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ។
ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងកម្មវិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៣ របស់រដ្ឋបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរនិងកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ។
ឯកឧត្តម ក៏បានលើក ឡើងពីគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងស៊ីវីល័យមានដូចជា ការបើកវគ្គបណ្តុះបណ្តា និងផ្តល់សេវាជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ ស្ពានអាកាស និងសមិទ្ធផលផ្សេងៗជាច្រើនទៀត និងការប្រកាសរាជធានីភ្នំពេញអស់មីន និងកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏ សមិទ្ធផល និងស្នាដៃការងារទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅមានការងារសេសសល់ និងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ដែលទាមទារឱ្យក្រុមប្រឹក្សា និងគណៈអភិបាល រាជធានីភ្នំពេញ រៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅ ក្នុងអង្គសន្និបាតឆ្នាំនេះ។
អង្គសន្និបាត បានសម្រេចបែងចែកក្រុមពិភាក្សា ដែលមានសមាសភាពចូលរួមពី តំណាងក្រុមការងារថ្នាក់ជាតិ អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីប្រធានក្រុមប្រឹក្សា ដើម្បីទទួលយកធាតុចូលកាន់ តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន៥រួមមាន៖
ទី១. ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាមដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល-អាគុយ។
ទី២ . ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើវិវាទដីធ្លី។
ទី៣. បទពិសោធន៍ល្អៗ ក្នុងការសហការរៀបចំកិច្ចប្រជុំ អន្តរជាតិធំៗ និងការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើក ទី១២។
ទី៤ . គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយផ្តោតលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្ស គ្រប់ទម្រង់ និងការធ្វើ អធិការកិច្ចហត្ថពលករបរទេស។
ទី៥. ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ។
ឯកឧត្តមបន្តថា សំណុំកិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើងត្រូវបន្តខិតខំប្រឹងប្រែង រួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល ស្នាដៃការងារ និងដើម្បីពង្រីកយន្តការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាសុខសុវត្ថិភាព ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ រាជធានីភ្នំពេញលើគ្រប់វិស័យ៕
អត្តបទ ៖ AKP
រំលឹកប្រសាសន៍ អភិបាលក្រុងភ្នពេញ