Updated ចាញ់បោក មេខ្បល់ បង់លុយម្នាក់ជិត ១ពាន់ដុល្លារ ទៅធ្វើការនៅកូរ៉េ ពេលនេះ…!

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ បានសហការជាមួយគណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធ ករណី នាំពលករមិនស្របច្បាប់ ទៅធ្វើការនៅប្រទេសកូរ៉េ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះដែរ សមត្ថកិច្ចបានរកឃើញមានជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) ។ 

ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ច សម្រេចនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជនរងគ្រោះចំនួន ៧នាក់ (ស្រី ២នាក់) មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។ 

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថាពួកគាត់បានខាតបង់ប្រាក់ ដែលបានឲ្យទៅជនសង្ស័យខាងលើ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ 

ចំណែកជនរងគ្រោះចំនួន ១២៤នាក់ អនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close