ល្អខ្លាំងណាស់! មានបណ្តឹង របស់ប្រជាពលរដ្ឋ ផ្សាយក្នុងសារព័ត៌មាន ទើប អាជ្ញាធរ ចុះណែនាំ ម្ចាស់ទីតាំងយានដ្ឋាន…!
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹង របស់ប្រជាពលរដ្ឋ នៅក្នុងសារព័ត៌មាន មួយ អនុវត្តតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានចាត់លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងណែនាំ ដល់ម្ចាស់យានដ្ឋាន BADPERSON ស្ថិតនៅផ្ទះលេខ១៣៦ ផ្លូវលេខ២៥៥ (មិនមែនផ្លូវ៣៥៥ទេ) ភូមិ៣ សង្កាត់បឹងសាឡាង។
សមាសភាពចូលរួមមាន៖
១-លោក ជាង សុភ័ស្ស នាយករដ្ឋបាលខណ្ឌ
២-លោក ប៊ុន ណាន អធិការរងនគរបាលខណ្ឌ
៣-លោក ស៊ុយ ទី អធិការរងនគរបាលខណ្ឌ
៤-លោក តុង វ៉ិត នាយករងរដ្ឋបាលខណ្ឌ
៥-លោក ហែន កន ចៅសង្កាត់បឹងសាឡាង
៦-លោក គឹម កូលីដូ នាយប៉ុស្តិ៍សង្កាត់បឹងសាឡាង
ក្រុមការងារបានណែនាំ ម្ចាស់ទីតាំងយានដ្ឋាន ដូចខាងក្រោម៖
១-បញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំង ដែលខុសលក្ខណៈបច្ចេកទេស ដែលបង្កឱ្យមានសំលេងរំខានដល់អ្នករស់នៅ និងអ្នកធ្វើដំណើរជុំវិញ។
២-មិនត្រូវយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវធ្វើអាជីវកម្មជាដាច់ខាត។
៣-ត្រូវរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅជុំវិញទីតាំងអាជីវកម្មរបស់ខ្លួន ឱ្យបានស្អាតជាប្រចាំ។
៤-ក្នុងករណីមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បងសម្ភាររបស់ម្ចាស់ទីតាំងឡើយ។