ខេត្តពោធិ៍សាត់៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១ និង០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្រោយសមត្ថកិច្ចយើងបានទទួលព័ត៌មានពីភ្នាក់ងារតាមរយៈលេខទូរសព្ទថា មានករណីពលរដ្ឋលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ផ្លែដែក)នៅចំណុចព្រៃល្ពៅស្ថិតក្នុងភូមិតាំងគោ ឃុំតាលោ ស្រុកតាលោសែនជ័យ កម្លាំងអន្តរាគមន៍របស់អធិការចំនួន៧នាក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន ១នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលតាលោសែនជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ។
បង្ក្រាបឃាត់អ្នកលេងល្បែងស៊ីសងខុសច្បាប់ ចំនួន៣នាក់
ទី១.ឈ្មោះភ. គ.ស ភេទប្រុស អាយុ ៦០ ឆ្នាំសញ្ជាតិខ្មែរមានទីលំនៅ ភូមិឃុំកើតហេតុខាងលើ (ជាម្ចាស់ផ្ទះផ្ដល់ទីតាំង) ។
ទី២.ឈ្មោះស.ស.ឃ ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរមានទីលំនៅ ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ (ជាអ្នកសុំទីតាំង)។
ទី៣.ឈ្មោះ ច.ក ភេទប្រុសអាយុ ៤៣ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ (ជាអ្នកលេង) និងអ្នកលេងមួយចំនួនទៀត បានរត់គេចខ្លួនបាត់អស់។
សម្ភារៈដកហូតរួមមាន៖
មាន់ចំនួន ៥ ក្បាល
កន្ត្រកចំនួន ៥
កូនជញ្ជីងតូចចំនួន ១
ម៉ូតូចំនួន ៦គ្រឿង
ស្កុតរុំខ្នាយមាន់ចំនួន ២០ ដុំ
-ស្កុតជ័រចំនួន២ដុំ
ចំណែកអ្នកលេង និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសួរនាំ បង្កសំណុំរឿងតាមនីតិវិធីច្បាប់៕