លោក ជា ពិសី និង លោក ស៊ឹម ពិសិដ្ឋ មិនទាន់ដេញវេលាល្អ ដើម្បីចុះបង្ក្រាបទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេត ក្នុងមូលដ្ឋានរបស់ខ្លួននៅឡើយ?

ភ្នំពេញ៖ ប្រភពបង្ហើបប្រាប់ថា ទីតាំងល្បែងស៊ីសង តាមអ៊ីនធើណេត នៅខាងក្រោយផ្សារដេប៉ូ មួយកន្លែងបើកដំណើរការយ៉ាងរលូន វិញហើយ ផ្គើននឹងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ខណៈ អាជ្ញាធរ និង សមត្ថកិច្ច មិនទាន់បង្ក្រាប សង្ស័យម្ចាស់ទីតាំង បានសែនព្រេនជូនអស់ហើយទេដឹង?

ប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងនេះ ស្ថិតនៅផ្ទះលេខ៣៧បេ ផ្លូវលេខ១៥៦ ខាងក្រោយផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ កំពុងមានការងឿងឆ្ងល់រហូតដាក់ការសង្ស័យថា មិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះ តើ ”នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” លោក អត់ដឹង ឬ ដឹងហើយ បិទភ្នែកធ្វើមិនដឹង ឬមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ បានជា អនុវត្តផ្ទុយ គោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ដែលដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសង សំនូមពរដល់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និង លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក គួរចុះពិនិត្យ ឈានដល់ បង្ក្រាប ទីតាំងនេះផង។

គួររំលឹកផងដែរថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។
កាលពេលថ្មីៗកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

អង្គភាពសារព័ត៌មានយើង ស្វាគមន៍ រាល់ការបកស្រាយបំភ្លឺ រាងរាល់ម៉ោងធ្វើការ ពី អាជ្ញាធរ ឬ សាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close