ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជន ទៅនឹងបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះជាបន្តបន្ទាប់ពាក់ព័ន្ធករណី គប់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានជាបន្តបន្ទាប់៖
ករណី៖ ធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្តតាមផ្លូវ) កាលពី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០:១៥នាទី
ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ។
ជនសង្ស័យមានគ្នា ៣នាក់
១.ឈ្មោះ ទ្បឹក ភាន ហៅ (បារាំង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
២.ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣.ឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ថ្មភ្នំមួយដុំទម្ងន់ ៣៥០ក្រាម។
ប្រភពប្រាប់ថា កាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០:១៥នាទី ជនសង្ស័យទាំង០៣នាក់ខាងលើ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំផ្លាកលេខ ដោយឈ្មោះ ទ្បឹក សុភាន (ហៅបារាំង) ភេទប្រុស ជាអ្នកបើក ម៉ូតូហើយឈ្មោះ សុខ សុភារ៉ាត់ (ហៅភី) ភេទប្រុស ជាអ្នកជិះកណ្តាលនិងឈ្មោះ មឿន សំណាង ភេទប្រុស ជិះខាងក្រោយ ទៅទិញបារីនៅមុខវត្តខ្សុំ ពេលទិញបានបារីហើយក៏នាំគ្នាជិះម៉ូតូត្រទ្បប់មកផ្ទះវិញ ពេលនោះឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស ឈ្មោះ មឿន សំណាង ក៏បានរើសដុំថ្មមកកាន់នឹងដៃ ហើយជនសង្ស័យទាំង ០៣នាក់ ជិះម៉ូតូមកហួសមុខកំពង់ផែភ្នំពេញស្វយ័តបានប្រហែល៤៥ម៉ែត្រ បានឃើញរថយន្ដម៉ាកកូរ៉េ ០១គ្រឿង ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ មានភ្លើងអុីវៗឃើញដូច្នេះជនសង្ស័យឈ្មោះ មឿន សំណាង ភេទប្រុសបានគប់កញ្ចក់រថយន្ដនោះ បណ្ដាលឱ្យបែកកញ្ចក់ផ្នែកខាងមុខ ពេលគប់រួចជនសង្ស័យទាំង ០៣នាក់ បានជិះម៉ូតូឌុបគ្នាគេចខ្លួន មកដេកនៅផ្ទះឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុសទាំងអស់គ្នា។
ចំណែកម្ចាស់រថយន្ដមិនបានប្ដឹងសមត្ថកិច្ចនោះទេក៏បើករថយន្ដទៅបាត់ទៅ លុះដល់ម៉ោង០០និង៤៥នាទី ក៏មានប្រជាពលរដ្ឋល្អបានរាយការណ៍មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលបន្ទាយដែក ថាមានករណីគប់កញ្ចក់រថយន្ដ ក្រោយពីទទួលបានព័ត៌មានតាមរយៈទូរស័ព្ទភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះដល់កន្លែងកើតហេតុហើយ ពិនិត្យមើលកន្លែងកើតហេតុជាក់ស្ដែងឃើញមានស្នាមកញ្ចក់បែកនៅលើទ្រូងផ្លូវជាតិលេខ១។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតដល់ថ្ងៃទី០៦.០៣.២០២៣ វេលាម៉ោង១៦:២៥នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែក ធ្វើការល្បាតបានឃើញជនសង្ស័យទាំង០៣នាក់ កំពុងដេកនៅផ្ទះឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស ក៏បានសួរនាំរួចយកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត។
ក្រោយពីបានសាកសួររួចជនសង្ស័យទាំង០៣នាក់ ខាងលើបានឆ្លើយសារភាពថា៖ ពួកខ្លួនទាំង០៣នាក់ ពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន ហើយនិងបានឆ្លើយសារភាពទៀតថា កន្លងមកពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយពួកខ្លួនទើបតែប្រព្រឹត្តបទល្មើសបែបនេះជាលើកទីមួយ។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕