ខឹងទាក់ទងប្រុសផ្សេង ហើយមិនព្រម ទៅរស់នៅបន្ទប់ជួលជាមួយគ្នា ចាក់សម្លាប់…!

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បង្រ្កាបជាក់ស្តែងករណី ឃាតកម្ម នៅចំណុចក្នុងតំបន់ពិសេស ស្ថិតនៅភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១ មីនា ២០២៣ វេលាម៉ោង ២១ និង ៣៦នាទី នៅចំណុចច្រកទ្វារផ្លូវចូលរោង ចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី ឃាតកម្ម មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគោឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំណើត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្នាក់នៅភូមិកើតហេតុជាមួយគ្នា ត្រូវជនសង្ស័យចាក់មួយកាំបិតត្រង់ក្រោមក្លៀកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ចំណែកជនសង្ស័យបានបើកម៉តូរត់គេចខ្លួនបាត់ មូលហេតុ រឿងប្រច័ណ្ទ។

ក្រោយពីមានហេតុការណ៍កើតទ្បើងភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី ដោយបានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចយើងចុះបង្រ្កាបបាននៅចំណុចបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មកកាន់នាយកដ្ឋានននគរបាលព្រហ្មទណ្ឌ។

តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ ឈ្មោះសៀក ស៊ាវទ្បី ពិតប្រាកដមែន មូលហេតុដោយសារតែខឹងនាងទាក់ទងប្រុសផ្សេង ហើយមិនព្រមទៅរស់នៅបន្ទប់ជួលជាមួយគ្នា ម្យ៉ាងទៀតខឹងនាងត្មិះដៀលថាមិនចង់រស់នៅជាមួយមនុស្សប្រមឹកគ្មានកំណើតនោះទេ ទើបថ្ងៃទី ១ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ២១ ខ្លួនក៏ជិះម៉ូតូទៅរកជនរងគ្រោះដល់កន្លែងធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ក៏បានជួបហើយក៏ធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះមួយកូនកំបិតនិងទាត់ថែមមួយជើង រួចជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុ និងបន្តមកលាក់ខ្លួននៅរាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close