ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូន សាធារណៈជន ទៅនឹងគណនីហ្វេសបុកឈ្មោះ Sophy Sr ដែលបានបង្ហោះវីដេអូ ចែករំលែកពីគណនី TikTok ឈ្មោះ @broseu55 មានខ្លឹមសារថា ៖ (ប៉ូលីស ផាកពិន័យ បើកហួសល្បឿនកំណត់ ប៉ូលីសចរាចរណ៍អីគេ សួរគីឡូ ទីតាំងអត់ដឹង អត់ឃើញគីឡូ ល្បឿន ទៅយកគីឡូពី ភ្នំពេញ អីណាអីណីអីណា ចាំអង្គុយយកតែលុយ ជិតចូលឆ្នាំខ្មែរ) ។
ក្រោយពីទទួលបានព័ត៌មាននេះរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ចាឱ្យលោកនាយការិយាល័យនគរបាលចរារណ៍ផ្លូវគោក ស្រាវជ្រាវករណីនេះទទួលបានលទ្ធផល ដូចខាងក្រោម៖
តាមការបំភ្លឺរបស់ លោកវរសេនីយ៍ទោ លឹម ចំណាន អត្តលេខ ៥៤៧៥៨ ឋានៈនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យការបើកបរលើល្បឿនកំណត់ បានបំភ្លឺឱ្យដឹងថា ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ក្រុមរបស់លោកបានចុះអនុវត្តការងារត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ នៅលើកំណត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល លុះដល់ម៉ោងប្រហែល១០ព្រឹក មានអ៊ុំប្រុសម្នាក់បានឃើញកម្លាំងកំពុងបាញ់ល្បឿន ក៏បានចូលមកសួរនាំពីទីតាំងផ្លាកល្បឿន និងការកំណត់ល្បឿន ស្របពេលក៏មានរថយន្តមួយគ្រឿងម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-6090 លើសល្បឿនកំណត់ បើកបរមានទិសដៅពីភ្នំពេញ-អ្នកលឿង ចូលមកទីតាំងកម្លាំងកាន់ម៉ាស៊ីនបាញ់ល្បឿន កំពុងអនុវត្តការងារត្រួតពិនិត្យ ហើយអ៊ុំស្រីជាអ្នករួមដំណើរបានសួរនាំដូចខ្លឹមសារខាលើ រីឯអ្នកបើកបរលួចថតសកម្មភាពខាងលើបន្ថែមទៀត រួចហើយរថយន្តខាងលើបានបើកត្រឡប់ក្រោយវិញបាត់ទៅ។
ពេលនោះកម្លាំងបានពន្យល់ និងបង្ហាញទីតាំងផ្លាកសញ្ញាកំណត់ល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣០ និងមិនមានផ្លាកផុតបម្រាមល្បឿននោះទេ ប៉ុន្តែចំណុចកម្លាំងយើងពន្យល់ណែនាំ គាត់មិនយកមកបង្ហោះនោះទេ ដែលជាហេតុមានការយល់ច្រឡំពី មហាជន ថានគរបាលបានឈ្លោះប្រកែក ជាមួយអ្នកបើកបរ។
បច្ចុប្បន្ននេះ គណនី TikTok ឈ្មោះ @broseu55 បានលុបវីដេអូ ខាងលើ ពីគណនីរបស់ខ្លួនវិញហើយ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងបញ្ឈប់ការផ្សព្វផ្សាយវីដេអូនេះបន្តទៀតនាំឱ្យមានការភាន់ច្រឡំ៕