អភិបាលខណ្ឌពោធិ៍សែនជ័យ ថ្មី រងការចោទថា មិនព្រមចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិ ដីធ្លី (ប្លង់ទន់)! ខាងក្រោមជាការបំភ្លឺ..!
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ក្នុងប៉ុន្មានថ្ងៃ នេះមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់មកលើ លោកអភិបាលពោធិ៍សែនជ័យថ្មីមិន ព្រមចុះហត្ថលេខាឲ្យលើលិខិតផ្ទេរសិទ្ធិដីធ្លី (ប្លង់ទន់) ទោះបីជាមានការបង់ពន្ធប្រថាប់ត្រារួចហើយក្តីដែលជាហេតុធ្វើ ឲ្យពួកគាត់មិនអាចលក់ដូរបានឡើយ ។
រដ្ឋបាលខណ្ឌ សូមធ្វើការបដិសេធ និងជម្រាបជូនដល់សាធារណៈជនបានជ្រាបថា រាល់ការផ្ទេរសិទ្ធិកាន់កាប់ ដីធ្លី ឬ ផ្ទះ (ប្លង់ទន់) ការផ្តល់សេវាប្រព្រឹត្តទៅជាធម្មតា តាមរយៈយន្តការច្រកចេញចូលតែមួយខណ្ឌ លើកលែង តែការផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឬផ្ទះ ដែលមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ដែលម្ចាស់កម្មសិទ្ធិករ ពុំបានធ្វើការបំបែកក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយគ្រាន់តែធ្វើការលក់ដូរផ្ទេរតាមរយៈលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ឬផ្ទះ នោះ រដ្ឋបាលខណ្ឌនឹងពុំចុះហត្ថលេខាជូនបានទេ ។ ក្នុងករណីនេះ សូមបងប្អូនសាធារណៈជូនត្រូវរៀបចំធ្វើការ លក់ដូរផ្ទេរតាមការបំពេញបែបបទសុំទិញ-លក់ផ្ដាច់វិញ ទើបត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលត្រូវបានទទួលការការពារ តាមផ្លូវច្បាប់ ។ ម៉្យាងទៀត ដើម្បីការពារផលប្រយោជន៍របស់បងប្អូនសាធារណៈជន ពីជនខិលខូចមួយចំនួន ដែល អាចឆ្លៀតឆក់ឱកាសយកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ទៅដាក់ធ្វើការធានា ឬ បញ្ចាំ ដែលនឹងធ្វើឱ្យខូចផលប្រយោជន៍របស់ បងប្អូន សាធារណៈជន នាពេលអនាគត ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងឈប់ធ្វើការផ្សព្វផ្សាយ ព័ត៌មានដែលនាំឱ្យមានការភ័ន្តច្រឡំបន្តទៀត៕