បាត់ដំបង៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ កំពុងទុកមុខផ្ទះដោយកាត់តខ្សែភ្លើងបញ្ឆេះជិះរត់គេចខ្លួនបាត់ កាលពី វេលាម៉ោង៧ល្ងាច ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ ចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួចជនរងគ្រោះជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹង នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសុំអោយជួយអន្តរាគមន៍។
យោងតាមបទបញ្ជារពីលោកសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលនិតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ ទើបលោកវរសេនីយ៍ឯក ឈឿង គឹមសុង ដឹកនាំកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណាត សុីណាន់ ហៅខ្លឹម ភេទប្រុស អាយុ២០ឆ្នាំ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣នៅចំណុចភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ូតូ១គ្រឿងម៉ាក HONDA XOMER- X ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1Y-6864 ជាកម្មសិទ្ធិរបស់ជនរងគ្រោះ ឈ្មោះ នាង លេក ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរ ជាអ្នកលក់ដូរ រស់នៅក្នុងភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កំពុងធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនិតិវិធី ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញដោយក្តីរីករាយ៕
ដោយ ៖ សុខ កុសល