អគ្គិភ័យឆេះផ្ទះមួយខ្នងនៅស្រុកគាស់ក្រឡ

បាត់ដំបង៖ ស្ត្រីម្នាក់ម្នាក់ កំពុងបូមសាំងដាក់ដប ក្បែរចង្ក្រាន បណ្តាលអោយឆេះលំនៅដ្ឋាន មួយខ្នង និងមនុស្សម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទីល្ងាចថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ នៅចំណុចភូមិខ្វែង ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំ៦ម៉ែតគុណ១២ម៉ែត្រគឺជាកម្មសិទ្ធិរបស់ លោកឡុង លក ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាស្វាមី ជនរងគ្រោះឈ្មោះ ម៉ៅ ជីវី អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។

ប្រភពព័ត៌មានបានអោយដឹងថា៖មូលហេតុដែលបង្កអោយមានអគ្គីភ័យកើតឡើងគឺដោយសារស្ត្រីរងគ្រោះធ្វេសប្រហែសបូមសាំងដាក់ដបក្បែរចង្ក្រានបាយកំពុងមានផ្កាភ្លើង បានឆាបឆេះភ្លាមៗយ៉ាងសន្ធោសន្ធៅផ្អើលអ្នកភូមិរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់។

ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងបង្ការ ពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡបានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បាញ់ទឹកពន្លត់អស់ចំនួន២ឡានទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញ មិនបន្តឆេះរាលដាលដល់លំនៅដ្ឋានអ្នកជិតខាង។

ចំពោះទ្រព្យសម្បត្តិដែលខាតបង់ ក្នុងករណីគ្រោះអគ្គិភ័យដូចការបរិយាយខាងលើសរុបជាទាំងប្រាក់អស់ជាង៨០លានរៀល។

ក្រោយពេលអគ្គិភ័យរលត់អស់អាជ្ញាធរក៍ដូចជាសមត្ថកិច្ចមូលដ្ឋាន សំណូមពរអោយប្រជាពលរដ្ឋដែលប្រកប មុខរបរលក់សាំងត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជៀសវាងកុំអោយមានអគ្គិភ័យកើតឡើងជាយថាហេតុ៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close