វគ្គបណ្តុះបណ្តាល ស្ដីពី វិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹក និងការថែទាំដល់ក្រុមមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ការពាធនធានធម្មជាតិ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានរៀបចំ វគ្គបណ្តុះបណ្តាល ស្ដីពី វិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹក និងការថែទាំដល់ក្រុមមន្ត្រីឧទ្យានុរក្ស និងសហគមន៍ការពាធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កម្មវិធីនេះប្រព្រឹត្តទៅ នៅក្នុងបរិស្ថានខេត្តស្ទឹងត្រែង។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់សហគមន៍ មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ អនុវត្តនូវវិធាន ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈសម្រាកនៅក្នុងមុង រស់នៅស្អាតក្នុងជីវភាព រស់នៅប្រចាំថ្ងៃ និងក្នុងពេលបំពេញការងារ ក្នុងគោលដៅចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពី កម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ ឆ្នាំ២០១១-២០២៥ របស់ ក្រសួងសុខាភិបាល។
លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះនិងបន្ថែមចំណេះដឹងដល់មន្ត្រីឧទ្យានុក្ស និងសហគមន៍ការពារតំបន់ធនធានធម្មជាតិក្នងខេត្តស្ទឹងត្រែងឲ្យបានយល់ដឹងកាន់ច្រើន ពាក់ព័ន្ធនិងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹក និងរបៀបនៃការថែទាំមិនឲ្យមានការឆ្លងជំងឺទាំងនេះ ។ម៉្យាងទៀតវគ្គបណ្តុះបណ្តាលនេះក៏ជាវិធានមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹក កុំឲ្យមានការរីករាលដាល់បន្តទៀតផងដែរ។
លោក អភិបាលរងខេត្តបន្តថាក្រោយពេលទទួលបានចំណេះដឹងទាំងនេះ មន្ត្រីឧទ្យាននុរក្ស និងសហគមន៍ការពារតំបន់ធនធានធម្មជាតិត្រូវពាំនាំនូវចំណេះដឹងទាំងទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលនៅក្នុងតំបន់ការពារធនធានធម្មជាតិស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថាន និងយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋទូទៅឲ្យពួកគាត់តែយល់ដឹងនិងនាំគ្នាចូលរួមការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមសង្កត់ធ្ងន់ថាកាលណាប្រជាពលរដ្ឋគ្មានជំងឺ គ្មានការឈឺគ្រុន ជាផ្នែកមួយដែលជួយឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចំរើន។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាការពិតក្រសួងបរិស្ថានអនុវត្តសំខាន់ទៅលើសរសរស្តមសំខាន់ៗ៤មានការកសាងស្ថាប័នទំនើប, គុណភាពបរិស្ថាន, ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ,និងការរស់នៅប្រកបដោយចីរភាព។ ប៉ុន្តែការចូលរួមរៀបចំវគ្គបណ្តុះបណ្តាលស្តីពីស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹកនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាផែនការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផែការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។
លោកជំទាវបន្តថាការលុបបំបាត់ជំងឺគ្រុនចាញ់ជាផែនការយុទ្ធសាស្ត្រជាតិដែលគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវតែចូលរួមក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់គ្នា។ ជំងឺគ្រុនចាញ់នេះជាជំងឺដែលបានកើតឡើងនៅទូទាំងពិភពលោក និងមានលក្ខណៈធ្ងនធ្ងរផងដែរ ដែលក្នុងមួយឆ្នាំៗមានមនុស្សកើតជំងឺគ្រុនចាញ់រហូតដល់៣០០លាននាក់និងមានស្លាប់១លាននាក់នាក់ជារៀងរាល់ឆ្នាំ ។ ដោយឡែកក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអត្រានៃការឆ្លងជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជាមានអត្រាថយចុះច្រើន ប៉ុន្តែមិនទាន់ដល់កម្រិតសូន្យនៅឡើយទេ ដូចនេះយើងខិតខំប្រឹងប្រែងក្នុងចូលរួមផ្សព្វផ្សាយពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអនុវត្តផែនការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងឆ្នាំ២០២៥ឲ្យបាន៕
ដោយ៖ អ៊ុល គឹមលៀង