ប៉ូលិស កំពុងស្វែងរក អ្នកបើកបរ រថយន្តទំនើប មួយគ្រឿងនេះ បើកបុកមនុស្សស្លាប់ គេចខ្លួនបាត់ស្រមោល!

ខេត្តស្ទឹងត្រែង ៖ កម្លាំងគរបាលផ្នែកជំនាញ កំពុងស្វែងរក អ្នកបើកបរ រថយន្តទំនើប មួយគ្រឿង កំពុងរត់គេចខ្លួនបន្ទាប់ពីបើក រថយន្តបុក ម៉ូតូ ពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ ភ្លាមៗ មួយរំពេច កាលពីររសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចចន្លោះបង្គោលលេខ៥២៤ ៥២៥ លើផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នគរបាលជំនាញ បានឲ្យដឹងថាអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្ទាប់ពីបុកអ្នកជិះម៉ូតូ ស្លាប់ហើយ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលបង្កហេតុ ម៉ាកឡង់គ្រីសរ័ពណ៏ស សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ BI -4878 រងការខូចខាតធ្ងន់ធ្ងរនៅផ្នែកខាងមុខ បន្ទាប់ពីប៉ះទង្គិចបុកគ្នាជាមួយម៉ូតូ។

បើយោងតាមប្រភពមួយបានបង្ហើប ឲ្យដឹងថា មុនពេលកើតហេតុរថយន្តបានធ្វើដំណើរបើកបរពីទិសខាងលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកវេវ ពណ៏ខៀវ គ្មានផ្លាកលេខ បើកបរពីទិសកើតទៅលិចភ្លាមនោះម៉ូតូកំពុងតែបត់ឆ្វេង។

ក្រោយកើតហេតុ កម្លាំងជំនាញ នគរបាលបានធ្វើកំណត់ហេតុដោយយោងទៅតាមអត្តសញ្ញាណប័ណ្ណ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះវ៉ាន់ ប៊ុនធឿន ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានស្រុកកំណើតភូមិអូរលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ សមត្ថកិច្ចបន្តឱ្យដឹងទៀតថា ជនរងគ្រោះ ស្នាក់នៅបណ្ដោះអាសន្នភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ក្រោយធ្វើកាតវាស់វែងចប់សមត្ថកិច្ចក៏បានធ្វើការយកម៉ូតូនិងរថយន្តមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលគរបាលឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ និងបន្តនាំមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

ដោយ៖ អ៊ុល គឹមលៀង

អត្ថបទដែលជាប់ទាក់ទង
Open

Close