លេខាធិការដ្ឋានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ទទួលបានសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន ៩០០ ក្បាល នៅវិមាន ៧ មករា ពីក្រុមការងារសៀវភៅ !

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅសរុបចំនួន ៩០០ ច្បាប់ ប្រគល់ជូនលេខាធិការដ្ឋានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ដោយក្នុងនោះមានសៀវភៅ ៖

-កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ៣០០
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ចំនូន ១៥០
-ទឹកចិត្តអ្នកជួយសង្គ្រោះ ចំនូន ១៥០
-សម្តេច ហ៊ុន សែន 3យន្តការឈ្នះកូវីដ-១៩ ចំនួន ១៥០
-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ចំនួន ១៥០

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ ប្រធានលេខាធិការដ្ឋានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយក សៀវភៅប្រកបដោយគុណតម្លៃនេះទៅចែកជូនដល់ក្រុមការងារជំនួយការ នៃលេខាធិការដ្ឋានយុវជនគណបក្ស ដើម្បីជាមូលដ្ឋានឱ្យពួកគាត់ឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជា បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ។ ឯកឧត្តម ហួត ហាក់ ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៏ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរ្ដ៏មរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ។

ក្នុងឱកាសនោះដែរ លោក មែ ស៊ីថុន អនុប្រធានក្រុមការងារសៀវភៅ និងជាប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួនក្នុងខេត្តចំនួន ៧ ដូចជា ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងខេត្តព្រះវិហារ ដោយបានចូលរួមដាំដើមឈើប្រណិត ផ្តល់សម្ភារសិក្សា របងសាលា ផ្លូវបេតុង រូបសំណាកព្រះបាទជ័យវរ្ម័ន លើសពីនេះសមាគមចូលរួមជួយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយការផ្តល់ជែលលាងដៃ អាល់កុល និងគ្រឿងឧបភោគបរិភោគដល់ប្រជាជនដែលខ្វះខាត និងជាប់ចត្តាឡីស័ក ជាពិសេសចូលរួមទិញវ៉ាក់សាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ហើយលោកប្រធានរូបនេះបានបន្តថា សមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។

ព្រមជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ ប្រធានក្រុមការងារសៀវភៅ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ។ ឯកឧត្តម បានបន្តថា ខេត្តចំនួន ៩ ដែលបានទទួលសៀវភៅរួចរាល់ ហើយខេត្តចំនួន ៣ ទៀត គឺខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ នឹងទទួលបាននៅថ្ងៃទី២ និងខេត្តកោះកុង នឹងទទួលបាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close