ភ្នំពេញ៖ នៅថ្ងៃទី២៨ កុម្ភៈ ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់អោយដឹងថា៖
ការបន្ថែមសមាជិក ឬលុបចេញក្នុងសៀវភៅស្នាក់នៅ
១.ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ
មេគ្រួសារ ឬអ្នកតំណាងត្រូវស្នើសុំបន្ថែមសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារណាមួយមានដូចខាងក្រោម៖
-កូនទើបកើតត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
-ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
-ផ្លាស់ចូលត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន
-ចេញពីពន្ធនាគារត្រូវមានសាលក្រមដោះលែងពីតុលាការ និងដីកាដោះលែងពីពន្ធនាគារ
-សមាជិកគ្រួសារខ្មែរដែលវិលត្រឡប់មកពីក្រៅប្រទេសត្រូវមានលិខិតបញ្ជាក់អំពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី។
២.ការលុបឈ្មោះចេញពីសៀវភៅស្នាក់នៅ
មេគ្រួសារ ឬអ្នកតំណាងត្រូវស្នើសុំលុបឈ្មោះសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារណាមួយមានដូចខាងក្រោម៖
-ស្លាប់ត្រូវមានសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព
-ផ្លាស់ចេញត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន
-ជាប់ពន្ធនាគារ ត្រូវមានសាលក្រមផ្តន្ទាទោស
-ផ្តាច់សមគ្គសង្វាស ត្រូវមានសាលក្រមលែងលះ
-កូនដែលត្រូវឪពុក ម្តាយកាត់កាល ត្រូវមានសាលក្រមកាត់កាល
-ពលរដ្ឋខ្មែរលះបង់សញ្ជាតិ ត្រូវមានព្រះរាជក្រឹត្យលះបង់សញ្ជាតិខ្មែរ។
ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ
#សៀវភៅស្នាក់នៅ
#ស្ថិតិប្រជាពលរដ្ឋ
#អត្តសញ្ញាណកម្ម
#ឧត្តមសេនីយ៍ឯកសាយម៉េងឈាង