កំពង់ចាម ៖ នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង និងរថយន្ដម៉ាកហ៊ីណូសណ្ដោងស៊ឺម៉ីរឺម៉ក ទិសដៅបញ្ច្រាសទិសគ្នា ស្ថិតនៅលើផ្លូវជាតិលេខ៧ ចំណុចក្នុងភូមិត្រពាំងឬស្សី ឃុំក្រឡា ស្រុកកំពង់សៀម ភ្លាមនោះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះបញ្ចៀស និងសម្រួលចរាចរណ៍ដែលមានការកក់ស្ទះ ។
ក្នុងរយៈពេលជាងមួយម៉ោង ចរាចរណ៍ត្រូវបានលំហូរជាធម្មតាឡើងវិញ ។ ក្នុងពេលបញ្ចៀសចរាចរណ៍នោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឲ្យមន្រ្តីជំនាញ យកចិត្តទុកដាក់ អនុវត្តជំនាញលើការពិនិត្យកន្លែងកើតហេតុ ធ្វើការវាស់វែង និងធ្វើការសន្និដ្ឋានវាយតម្លៃអង្គហេតុឲ្យបានច្បាស់លាស់ ដើម្បីបន្តនីតិវិធីជំនាញ ផងដែរ ៕